(លីម៉ា)៖ តុលាការមួយនៅប្រទេសប៉េរូនាថ្ងៃសុក្របានបង្គាប់ឲ្យ អតីតប្រធានាធិបតី លោក Pedro Pablo Kuczynski ត្រូវជាប់ពន្ធនា​គាររយៈពេល៣ឆ្នាំ ស្របពេលដែលក្រុមរដ្ឋអាជ្ញានៃប្រទេសអាមេរិកឡាទីនមួយនេះ ត្រៀមរៀបចំដើម្បីចោទប្រកាន់បទពុករលួយ​ប្រឆាំងទៅលើរូបលោក ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការទទួលសំណូកពីក្រុមហ៊ុនសំណង់ប្រេស៊ីល Odebrecht។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពីអតីតប្រធានាធិបតីប៉េរូម្នាក់ទៀតគឺ លោក Alan Garcia បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯ នៅពេលដែលប៉ូលិសបានទៅដល់មុខផ្ទះដើម្បីប្រុងនឹងចាប់ខ្លួនលោក ពាក់ព័ន្ធនឹងរឿង​ស៊ីសំណូកពីក្រុមហ៊ុន Odebrecht ដូចគ្នា ខណៈកន្លងមកលោក Garcia បានទាត់ចោលរឿងអាស្រូវពុករលួយនេះ ថាជាចេតនា​នយោបាយ។

គួរជម្រាបថា សរុបមកអតីតប្រធានាធីបតីប៉េរូចំនួន០៤រូបហើយ ព្រមទាំងមេបក្សប្រឆាំងលោក Keiko Fujimori ត្រូវបានតុលាការ​បង្គាប់ឲ្យដាក់ក្នុងពន្ធនាគារមុនពេលជំនុំជម្រះក្តី ដែលសុទ្ធតែពាក់ព័ន្ធនឹងរឿងស៊ីសំណូកពីក្រុមហ៊ុន Odebrecht គិតចាប់តាំងតែពី​​​ក្រុមហ៊ុនសំណង់របស់ប្រទេសប្រេស៊ីលនេះ បានសារភាពកាលពីចុងឆ្នាំ២០១៦ថា ខ្លួនបានសូកប៉ាន់លុយប្រមាណ៣០លានដុល្លារ​ដល់អ្នកនយោបាយប៉េរូមួយចំនួន។

នៅក្រោមច្បាប់នៃប្រទេសប៉េរូ ជនសង្ស័យជាឧក្រិដ្ឋជនអាចត្រូវចាប់ខ្លួនដាក់ពន្ធនាគារបាន រហូតដល់រយៈពេល៣ឆ្នាំ ប្រសិនបើ​ក្រុមរដ្ឋអាជ្ញាអាចបង្ហាញភស្តុតាងថា ពួកគេទាំងនោះទំនងជានឹងត្រូវរកឃើញថាមានទោសយ៉ាងពិតប្រាកដ ហើយប្រហែលជា​អាចរត់គេចខ្លួនឬក៏បង្កភាពរាំងស្ទះដល់កិច្ចការស៊ើបអង្កេតលុះត្រាតែស្ថិតក្រោមការឃុំឃាំង៕