(លីប៊ី)៖ នាយករដ្ឋមន្ត្រីលីប៊ីគាំទ្រដោយអង្គការសហប្រជាជាតិ លោក ហ្វាយេស អាល់ស៊ែរ៉ាច (Fayez al-Serraj) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រងើយកន្ដើយរបស់ បណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ខណៈកងកម្លាំងរដ្ឋាភិបាលភាគខាងកើត កំពុងវាយលុកលើទីក្រុងទ្រីប៉ូលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

លោក Fayez al-Serraj ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ BBC នៅក្នុងសប្ដាហ៍នេះ និងចំពេលដែលកងកម្លាំងរបស់លោក កំពុងប្រឈមមុខនឹងការវាយប្រហារពី កងកម្លាំងភាគខាងកើតដឹកនាំដោយ លោកឧត្ដមសេនីយ ខាលីហ្វា ហាហ្វាតា (Khalifa Haftar)។

ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៀតថាភាពស្ងៀម ស្ងាត់របស់លោកខាងលិច និងសហគមន៍អន្តរជាតិ គឺមានន័យស្មើនឹងប្រជាជនលីប៊ី ត្រូវបានបោះបង់ចោល ហើយលោកក៏បានព្រមានដែរថា បើស្ថានភាពដូចសព្វថ្ងៃនៅតែបន្តកើតមាន នោះលីប៊ីអាចនឹងត្រឡប់ទៅរក ប្រវត្តិសាស្ត្រច្រឡំដែល ដូចកាលពីឆ្នាំ២០១១ ជាឆ្នាំដែលលោក កាដាហ្វី ត្រូវបានគេសម្លាប់ រីឯក្រុម ISIS នឹងប្រើប្រាស់ ភាពវឹកវរនេះបង្កើតកងកម្លាំងជាថ្មី។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សច្រើនជាង ២០៥នាក់បានបាត់បង់ជីវិតនៅក្នុង ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើត ចាប់តាំងពីថ្ងៃទី០៤ ខែមេសាមក៕