(ប៉ារីស)៖ ថវិកាសរុបជិតដល់ ១ពាន់លានដុល្លារហើយ ត្រូវបានមនុស្សម្នានាំគ្នាបរិច្ចាគ ដោយក្នុងនោះរួមមានទាំងជនសាមញ្ញ និង អ្នកមានៗ ព្រមទាំងក្រុមហ៊ុនអន្តរជាតិធំៗ នៅជុំវិញសកលលោក ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្ថាបនាព្រះវិហារបុរាណ Notre-Dame ដែលថ្មីៗនេះត្រូវបានអគ្គីភ័យឆាបឆេះ ក្នុងអំឡុងពេលជួសជុលកែលម្អនៅឯទីក្រុងប៉ារីស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នារសៀលថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

លោក Stephane Bern ដែលជាបេសកជនទទួលបន្ទុកផ្នែកមរតកវប្បធម៌ របស់ប្រធានាធិបតីបារាំង នាថ្ងៃពុធបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា ថវិកាសរុបចំនួន ៨៨០លានអឺរ៉ូ ដែលស្មើនឹង ៩៩៥លានដុល្លារអាមេរិក ត្រូវរៃអង្គាសបានក្នុងពេលត្រឹមតែមួយថ្ងៃកន្លះប៉ុណ្ណោះ ក្រោយគ្រោះអគ្គីភ័យបានកើតឡើង ដោយវិភាគទានទាំងអស់នេះ គឺបានមកពីអ្នកជិត អ្នកឆ្ងាយ អ្នកអត់ អ្នកមាន មហាសេដ្ឋី ព្រមទាំងពីក្រុមហ៊ុនធំៗដូចជា Apple, Disney, LOreal, Chanel, និង Dior ជាដើម ក៏ដូចជាមកពីក្រុងតូចៗ និងទីក្រុងនៅទូទាំងប្រទេសបារាំង និងនៅជុំវិញពិភពលោក។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្តេជ្ញាថានឹងស្ថាបនាព្រះវិហារ នេះឲ្យល្អដូចដើមឡើងវិញ ជាមួយការដាក់ពេលកំណត់ ០៥ឆ្នាំ។

គួរជម្រាបថា ព្រះវិហារកាតូលិក Notre-Dame ត្រូវគេចាត់ទុកថា គឺជាគំរូដ៏វិសេសអស្ចារ្យបំផុតមួយនៃរចនាបថស្ថាបត្យកម្មបែប Gothic របស់ប្រទេស បារាំងនាសម័យពាក់កណ្តាលសតវត្សរ៍ទី ១២ ដល់សតវត្សរ៍ទី ១៦ ដែលតែងតែទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណ ១២លាននាក់ជារៀងរាល់ឆ្នាំ។ សំណង់បុរាណអាយុកាល ៨៥០ឆ្នាំនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរដោយសារភ្លើងឆេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកស៊ើបអង្កេតសង្ស័យថា បណ្តាលមកពីបញ្ហាចរន្តអគ្គិសនី៕