(វ៉ាស៊ីនតោន)៖ កាលពីពេលថ្មីៗនេះលោក ជីមមី ខាធើ (Jimmy Carter) អតីតប្រធានាធិបតីអាមេរិកបានបង្ហើបឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​បានទូរស័ព្ទមកពិភាក្សាជាមួយលោក ជាលើកដំបូងស្តីអំពីប្រទេសចិន។ លោកCarter បានថ្លែងថា លោក ត្រាំ បានប្រាប់អំពីការព្រួយបារម្ភបំផុតរបស់លោក ចំពោះការដែលប្រទេសចិនអាចនឹងឈានមុខអាមេរិក។

ជុំវិញការលើកឡើងរបស់លោក ត្រាំ ចម្លើយតបវិញរបស់លោក Carter គឺអ្នកនយោបាយជើងចាស់រូបនេះ មិនបានព្រួយបារម្ភនឹងរឿងនេះទេ ដោយបង្ហាញថា អាមេរិកគឺជាប្រទេសដែលងប់នឹងសង្គ្រាមបំផុតលើពិភពលោក ស្របពេលដែលប្រទេសចិន មិនបានខ្ជះខ្ជាយលុយសូម្បីតែមួយកាក់ក្នុងសង្គ្រាម នេះគឺជាមូលហេតុដែលប្រទេសចិនដើរឈានមុខយើង។

បច្ចុប្បន្នទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន ស្ថិតនៅលំដាប់ទី ២ លើពិភពលោកយ៉ាងនឹងនរ ដូច្នេះធ្វើឱ្យអាមេរិកកាន់តែព្រួយបារម្ភ និងអន្ទះសាថែមទៀត។ ក្តីព្រួយបារម្ភបែបនេះបានធ្វើឱ្យអាមេរិក ចាកឆ្ងាយពីគោលបំណងដើម​នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិន និងអាមេរិកជាបណ្តើរៗ ថែមទាំងបានចាត់ទុកប្រទេសចិន ជាគូប្រកួតប្រជែងជាយុទ្ធសាស្រ្ត ព្រមនិងបំផុសសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមលាបពណ៌ចំពោះប្រទេសចិនទៀតផង។

ប៉ុន្តែបម្រែបម្រួលនៃទំនាក់ទំនងរវាងចិន និងអាមេរិកក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅបានបង្ហាញច្បាស់ថា ទង្វើសង្កត់សង្កិនប្រទេសចិនរបស់អាមេរិក មិនបានទទួលផលតាមការប៉ាន់ប្រមាណនោះទេ ផ្ទុយទៅវិញបែរជាបានបញ្ជាក់​នូវការព្រមាន​ជាច្រើនលើករបស់លោក Carter ពោលគឺប្រទេសចិនមានសារៈសំខាន់ជាទីបំផុត ចំពោះវិបុលភាពនៃប្រទេសអាមេរិក ដែលលោកធ្លាប់និយាយថា ខណៈពេលដែលយើង មិនអាចនៅជាសុខនឹងគ្នាជាមួយប្រទេសចិន ប្រការនេះនឹងធ្វើឲ្យខូចខាតដល់​ផលប្រយោជន៍ នៃប្រទេសយើងទាំងពីរ ពោលគឺមិនត្រឹមតែចិនប៉ុណ្ណោះទេ អាមេរិកក៏ត្រូវរងការខូចខាតខាងសេដ្ឋកិច្ចផងដែរ។

ចុះតើត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចធ្វើឲ្យអាមេរិកមានភាពខ្លាំងក្លាម្តងទៀត? លោក Carter បានលើកសំណើថា អាមេរិកមិនត្រូវទម្លាក់ថវិកាច្រើនហួសទៅលើសង្រ្គាម ដែលគ្មានភាពចាំបាច់នោះទេ ប្រសិនបើអាមេរិកទម្លាក់ថវិកាចំនួន ៣ទ្រីលានដុល្លារអាមេរិក ទៅក្នុងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ នោះ ប្រហែលនឹងសល់ ២ទ្រីលានដុល្លារអាមេរិក ដូច្នេះយើងនឹងមានរថភ្លើងល្បឿនលឿន ហើយស្ពាននឹងមិនបាក់រលំទៀត ផ្លូវនឹងទទួលបានការថែទាំយ៉ាងល្អប្រសើរ ចំណែកប្រព័ន្ធអប់រំនឹងមានភាពល្អប្រសើរ ដូចនៅកូរ៉េខាងត្បូង ឬទីក្រុងហុងកុងផងដែរ។

វាច្បាស់ណាស់ ការលះបង់ចោលអនុត្តរភាពនិយម ឯកតោភាគីនិយម និងនយោបាយសំអាងលើអំណាចផ្តាច់មុខ ហើយចាត់ទុកសុខមាលកិច្ចប្រជាជនជាមូលដ្ឋាន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនឥតឈប់ឈរ ប្រការទាំងនេះទើបជាវិធីសាស្រ្តចម្បងសម្រាប់ជំរុញឲ្យអាមេរិក ឈានទៅរកភាពខ្លាំងក្លាម្តងទៀត៕

ប្រភព៖ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន