(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបង្កើនចំនួនទីតាំងនៅក្នុង​សហរដ្ឋអាមេរិក ដែលអតិថិជនអាចធ្វើការផ្ញើ iPhone ចាស់ៗប្រើការលែងកើតរបស់ពួកគេ ទៅកម្ទេចចោលតាមរយៈរ៉ូបូតឈ្មោះ Daisy របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

ស្ថិតនៅក្រោមផ្នែកមួយនៃកម្មវិធីកែច្នៃឡើងវិញរបស់ខ្លួន Apple នឹងបង្កើនចំនួនទីកន្លែងក្នុងនោះរួមមានទាំងហាង Best Buy នៅទូទាំង​សហរដ្ឋអាមេរិក ដើម្បីជួយអតិថិជនក្នុងការផ្ញើទូរស័ព្ទដៃ iPhone ចាស់ៗរបស់ពួកគេ ដើម្បីមកធ្វើការកែច្នៃឡើងវិញ ហើយរ៉ូបូត Daisy នឹងជាអ្នកចាត់ចែងលើ​ការដោះរុះរើស្មាតហ្វូតទាំងនោះ។

គួរជម្រាបថា បើតាមការឲ្យដឹងពីក្រុមហ៊ុន Apple ទូរស័ព្ទដៃ iPhone ចាស់ៗ ប្រហែល០១លានគ្រឿង ត្រូវបានអតិថិជនប្រគល់មកវិញ តាមរយៈកម្មវិធីខាងលើរបស់ Apple ហើយរ៉ូបូត Daisy មួយគ្រឿងៗអាចកម្ទេចទូរស័ព្ទ iPhone បាន ១.២លានគ្រឿងក្នុងមួយឆ្នាំ។ Apple បានបញ្ជាក់ថា Daisy មានសមត្ថភាពដោះរុះរើ iPhone ចំនួន ១៥ម៉ូដែលខុសគ្នាជាមួយល្បឿន ២០០គ្រឿងក្នុងមួយម៉ោង៕