(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃសុក្រនេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខនេះ ដើម្បីជួបពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ទៀតថា លោក ត្រាំ និងលោក អាបេ នឹងពិភាក្សាគ្នាពីបញ្ហាជាច្រើនដូចជា សំណុំរឿងកូរ៉េខាងជើង ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅ លើឧបទ្វីបកូរ៉េជាដើម ខណៈដែលកូរ៉េខាងជើងទើបតែប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះថា ខ្លួនបានបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្ត្រ ដោយមានការត្រួតពិនិត្យផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។

បន្ថែមពីលើនេះបើតាមសេតវិមាន មេដឹកនាំទាំងពីរក៏នឹងជជែកគ្នាផងដែរពាក់ព័ន្ធនឹង​សេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងការពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រួមជាមួយការវិនិយោគរវាងសហរដ្ឋអាមេរិក និងជប៉ុន៕