(ម៉ូស្គូ)៖ ក្រោយពីមានការសង្ស័យទីបំផុតវិមានក្រឹមឡាំងរុស្ស៊ី បានចេញមុខប្រកាសឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងខែមេសានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតបតាមការអញ្ជើញរបស់លោក ពូទីន ហើយវាក៏នឹងជាជំនួបកំពូលលើកទីមួយរវាងមេដឹកនាំនៃប្រទេសទាំងពីរផងដែរ។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក គីម នឹងមកទស្សនកិច្ចនៅអំឡុង១៥ថ្ងៃចុងក្រោយនៃខែមេសា ពោលគឺអាចចុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ឬមួយក៏សប្តាហ៍ក្រោយមួយទៀតក៏ថាបាន ដោយពុំបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទឬទីកន្លែងជាក់លាក់ឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូងវិញ ជំនួបរវាងលោក គីម និង លោក ពូទីន អាចនឹងប្រព្រឹត្តទៅនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។

គួរជម្រាបថា ការប្រកាសពីដំណឹងទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនទើបតែបានសម្រេចការធ្វើតេស្តអាវុធយុទ្ធសាស្រ្តថ្មីមួយជាមួយក្បាលគ្រាប់ដ៏មានឥទ្ធិពល ខណៈដែលកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកហាក់ដូចជាបានជាប់គាំង៕