(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយឱ្យគ្រប់គ្នាដឹងថា មេដឹកនាំកំពូលរបស់ខ្លួនលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់​ការបាញ់សាកល្បងនូវប្រភេទអាវុធយុទ្ធសាស្ត្រថ្មីមួយ នៅក្នុងបរិបទដែលមាន ការព្រួយបារម្ភជាច្រើនខ្លាចក្រែងភាពតានតឹង នៅលើតំបន់ឧបទ្វីបកូរ៉េផ្ទុះឡើងជាថ្មី បន្ទាប់ពីកិច្ចចរចារវាងលោក គីម និងលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈ កន្លងទៅទទួលបរាជ័យ។

* តើកូរ៉េខាងជើងទើបបាញ់សាកល្បងអាវុធប្រភេទអ្វី?

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា ការធ្វើតេស្ដអាវុធថ្មីខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលត្រូវបានធ្វើតេស្ដឡើយ ដោយគ្រាន់តែឱ្យដឹងថា វាជាប្រភេទអាវុធ ដែលសាកសមទៅនឹងក្បាលគ្រាប់នុយក្លេអ៊ែរ​ដ៏មានថាមពល ហើយវាក៏មិនមែនជាអាវុធ​បាញ់បានរយៈចំងាយឆ្ងាយនោះដែរ។

លើសពីនេះទៅទៀត KCNA អះអាងទៀតថាការបាញ់សាកល្បងនេះមិនមែនជាការ វិលត្រឡប់ទៅរកការធ្វើតេស្ដមីស៊ីលឡើងវិញ ខណៈសញ្ញាបាញ់មីស៊ីល មិនត្រូវបានយោធាអាមេរិកចាប់បាននោះទេ។ តែទោះជាយ៉ាងណាក៏ដោយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ យោធាកូរ៉េខាងត្បូងធ្លាប់បានសន្និដ្ឋានថា កូរ៉េខាងជើងបានបាញ់សាកល្បង​អាវុធយុទ្ធសាស្ត្រដូចគ្នានេះដែរ ដែលទំនងជាកាំភ្លើងធំ​បាញ់បានរយៈចំងាយឆ្ងាយ។

* ការធ្វើតេស្ដអាវុធយុទ្ធសាស្ត្រថ្មីនេះ គឺជាសារផ្ញើជូនសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត!

លោក Vipin Narang ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts សហរដ្ឋអាមេរិកបាននិយាយថា អាវុធកូរ៉េខាងជើងបានធ្វើតេស្ដ គឺមានភាពខុសគ្នាទៅនឹងមីស៊ីសរយៈចំងាយ​ដែល ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងពីចុងឆ្នាំ២០១៧។ ប៉ុន្តែអ្វីដែលសំខាន់ បើតាមសាស្ត្រាចារ្យរូបនេះ​ការធ្វើតេស្ដ អាវុធជាថ្មីរបស់កូរ៉េខាងជើង គឺជាសារមួយរបស់​លោក គីម ជុងអ៊ុន ផ្ញើជូនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ទីក្រុងព្យុងយ៉ាងអាច​បាញ់សាកល្បងមីស៊ីលឡើងវិញ គ្រប់ពេលវេលាបើសិនជាប្រទេសរបស់លោក​នៅតែទទួលរងទណ្ឌកម្ម រីឯការចរចាមិនអាចរកផ្លូវចេញបាននោះ។

* កិច្ចចរចាកំពុងជាប់គាំង និងគ្មានសញ្ញាច្បាស់លាស់ថា នឹងអាចស្តារឡើងវិញ!

ការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើង បានកើតមានឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងស្វះស្វែងរៀបចំកិច្ចចរចាជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង បន្ទាប់ពីកិច្ចចរចារក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមបិទបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ បន្ថែមពីលើនេះការធ្វើតេស្ដនេះទៀតសោត ក៏ត្រូវបានធ្វើឡើងផងដែរ ស្របពេលបេសកជនពិសេសអាមេរិក លោក Stephen Biegun ផ្ដើមបំពេញទស្សនកិច្ចនៅក្នុងទីក្រុងម៉ូស្គូ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា លោក គីម ជុងអ៊ុន នឹងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅលើទឹកដី រុស្ស៊ីនាពេលឆាប់ៗនេះ។

និយាយឱ្យងាយស្ដាប់បើសិនជាជំនួបរវាងលោក គីម និងលោក ពូទីន កើតឡើងមែននោះ លោក គីម ទំនងជាចង់យកការធ្វើតេស្ដអាវុធនេះ ទៅបញ្ជាក់ប្រាប់មេដឹកនាំរុស្ស៊ីថា កូរ៉េខាងជើងមិនអាចស្និទ្ធនឹងអាមេរិកឡើយ ហើយត្រូវការគាំទ្រជាចាំបាច់ពីទីក្រុងម៉ូស្គូ ដើម្បីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលកំពុងដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា លោក គីម ជុងអ៊ុន នឹងធ្វើតេស្ដមីស៊ីលជាថ្មីឡើងវិញនោះទេ បើទោះជាកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ បានបរាជ័យក៏ដោយ។ ដោយឡែក កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបញ្ជាក់ឡើងវិញថា កិច្ចប្រជុំកំពូលលើកទី ៣ អាចកើតមានទៅបានលុះត្រាតែសហរដ្ឋអាមេរិក ប្ដូរឥរិយាបថបច្ចុប្បន្នជាមុនសិន។ អ្វីដែលគួរឲ្យចាប់អាមេរិកនោះ គឺទីក្រុងព្យុងយ៉ាងថែមទាំងបានរិះគន់ រដ្ឋមន្ត្រីការបរអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ជាមនុស្សក្មេងខ្ចីផ្នែកកិច្ចការទូត និងស្នើសុំឲ្យអាមេរិកប្តូរមន្ត្រីថ្មីមកធ្វើការ​ចរចា​នុយក្លេអ៊ែរជាមួយកូរ៉េខាងជើងវិញ៕

ប្រភព៖ សារព័ត៌មានអាមេរិក CNN (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩)