(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាន ម៉ូឌី (Narendra Modi) បានលើកឡើងថា ប្រទេសរបស់លោកមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ ឬ Mother of Nuclear Bombs» ដែលជាហេតុធ្វើឲ្យឥណ្ឌានឹងមិនចុះញ៉មចំពោះអ្វី ដែលរូបលោកបានហៅថា ជាការគំរាមនៃអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដាច់ខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក លោក Modi បាននិយាយដូច្នេះថា «ប៉ាគីស្ថានច្បាស់ជានឹងគំរាមយើងថា ពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងប្រើវាភ្លាមបើយើងហ៊ានវាយបក។ ប៉ុន្តែពួកយើងមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» នៅក្នុងដៃ ដូច្នេះហើយខ្ញុំសូមប្រាប់ទៅកាន់ពួកគេថា ធ្វើអ្វីក៏ធ្វើទៅចុះ តែយើងច្បាស់ជានឹងតដៃទៅវិញជាក់ជាពុំខាន»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានសង្កត់ធ្ងន់ទៀតថា «ប៉ាគីស្ថានបានអាងអាវុធនុយក្លេអ៊ែរ មកគំរាមកំហែងយើងជាយូរណាស់មកហើយ ប៉ុន្តែឥណ្ឌាឥឡូវមិនដូចពីមុនឡើយ ហើយក៏មិនចាញ់ការព្រមានទាំងអស់នេះដែរ»។

យ៉ាងណាមិញ បើតាមការអះអាងកាលពីចុងខែមីនា របស់មេទ័ពប៉ាគីស្ថានលោក អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) ទីក្រុងអ៊ីស្លាម៉ាបាដបានច្រាន ចោលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែត្រឹមចាត់ទុកអាវុធនេះជា ឧបករណ៍ដើម្បីទប់ស្កាត់កុំឲ្យមានសង្រ្គាមមែនទែន ផ្ទុះឡើងតែប៉ុណ្ណោះ។

គួរជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងដៃដូចគ្នានេះ នៅតែមិនទាន់អន់ថយ ទៅវិញនោះឡើយ ចាប់តាំងតែពីវាបានផ្ទុះឡើងយ៉ាងក្តៅគគុកកាលពីខែកុម្ភៈ នៅពេលកងទ័ពឥណ្ឌាជាង ៤០នាក់បានស្លាប់នៅតំបន់កាស្មៀរ ដោយសារ ការវាយប្រហារដោយអត្តឃាត របស់ក្រុមសកម្មប្រយុទ្ធ ដែលឥណ្ឌាចោទថា មានការគាំទ្រពីប៉ាគីស្ថាន ព្រម ទាំងការប្រយុទ្ធគ្នាតាមផ្លូវអាកាស នៅលើតំបន់ជម្លោះនេះ រវាង យន្តហោះចម្បាំងនៃកងទ័ពអាកាស របស់ប្រទេសទាំងពីរ៕