(លីម៉ា)៖ អតីតប្រធានាធិបតីប៉េរូលោក Alan Garcia បានបាញ់សម្លាប់ខ្លួនឯង នៅពេលដែល មន្ត្រីប៉ូលិសចុះទៅដល់ផ្ទះ ដើម្បីចាប់ខ្លួនលោកទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំការស៊ើប អង្កេត ពាក់ព័ន្ធនឹងករណីពុករលួយ ដែលត្រូវបានប្រព្រឹត្តនៅអំឡុងពេលលោកកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។

ប៉ូលិសប្រទេសប៉េរូបានបញ្ជាក់ទៀតថា លោក Garcia អាយុ ៦៩ឆ្នាំ បានព្យាយាមបាញ់សម្លាប់ ខ្លួននៅចំពោះមុខសមត្ថកិច្ច ហើយក្រោយផ្ទុះករណីនេះរួចលោកត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យ Casimiro យ៉ាងទាន់ហន់ ដើម្បីទទួលការវះកាត់ និងសង្គ្រោះបន្ទាន់។ មន្ត្រីដែល សុំ មិនបញ្ចេញឈ្មោះបានប្រាប់ភ្នាក់ងារទូរទស្សន៍អាមេរិកប្រចាំនៅប៉េរូថា ពេលនេះលោក Garcia កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយកូនប្រុសរបស់លោក និងប្រជាជន ប៉េរូ ដែលគាំទ្ររូបលោកយ៉ាងច្រើនកុះករ កំពុងឈរនៅខាងក្រៅមន្ទីរពេទ្យដើម្បីផ្តល់កម្លាំងចិត្ត។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតមានឡើង កាលពីព្រឹកថ្ងៃពុធនេះតែម្តង (ពេលវេលានៅអាមេរិកឡាទីន)។ មនុស្សជំនិតលោក Garcia បានប្រាប់អ្នកសារព័ត៌មាន នៅក្រៅមន្ទីរពេទ្យថា អការៈអតីតប្រធានាធិបតីរូបនេះគឺស្ថិតនៅក្នុងភាពពិបាកស្មានណាស់ ហើយមានតែការបួងសួងដល់ព្រះប៉ុណ្ណោះ ទើបអាចឲ្យលោកឆ្លងផុតគ្រោះនេះបាន។ លោក Garcia គឺជាអតីតមេដឹកនាំល្បីឈ្មោះមួយរូបរបស់ប៉េរូ ដែលបានកាន់អំណាចពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ ហើយនិងបានឈ្នះឆ្នោតមួយអាណត្តិទៀតរយៈពេល ០៥ឆ្នាំកាលពីឆ្នាំ២០០៦។

រហូតមកដល់ឆ្នាំ២០១៨ លោក Garcia បានទទួលរងការចោទប្រកាន់ពីបទប្រព្រឹត្ត អំពើពុករលួយ និងការស៊ីសំណូកអំឡុងពេលលោកកាន់អំណាច ដែលជាហេតុបានធ្វើឲ្យលោកព្យាយាម សុំសិទ្ធិជ្រកកោននយោបាយនៅអ៊ុយរ៉ាហ្គា ប៉ុន្តែអាជ្ញាធរប៉េរូបានចេញបម្រាមមិនឲ្យលោក ចាកចេញពីប្រទេសនោះឡើយ ដោយសារលោកកំពុងស្ថិតនៅក្នុងការចោទប្រកាន់ ហើយអាជ្ញាធរអ៊ុយរ៉ាហ្គាយវិញនោះ ក៏បានបដិសេធសំណើរបស់លោកថែមទៀត៕