(ញូដេលី)៖ កាលពីម្សិលមិញនេះតុលាការឥណ្ឌា បានសម្រេចឲ្យបិទកម្មវិធីកម្សាន្ត ដ៏ល្បីរបស់ចិនគឺ Tik Tok ជាផ្លូវការតែម្តង ទោះបីជាមានការស្នើសុំពន្យារពីចិនក៏ដោយ ហើយមកដល់ថ្ងៃពុធនេះ Google និង Apple ក៏បានសម្រេចបិទ App របស់ Tik Tok មិនឲ្យប្រើប្រាស់បានទៀតនៅក្នុង ប្រទេសឥណ្ឌាជាស្ថាពរតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឥណ្ឌា Hindu Times នាល្ងាចថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។

កម្មវិធី Tik Tok គឺជាកម្មវិធីកម្សាន្តមួយរបស់ចិន ដែលមានការពេញនិយមខ្លាំង សម្រាប់ ប្រជាជននៅបណ្តាប្រទេសអាស៊ីជាច្រើន ព្រោះវាត្រូវបានបង្កើតឡើង ដោយមានបង្កប់កម្មវិធីប្លែកៗច្រើននៅក្នុងនោះ ដូចជាការកាត់តវីដេអូខ្លីៗ ការធ្វើត្រាប់តាមសកម្មភាពល្បីៗក្នុងសង្គម ការចែកចាយសកម្មភាពប្រចាំថ្ងៃ និងការងាយស្រួលចែករំលែកសកម្មភាពទាំងនោះតៗគ្នាជាដើម។

ប៉ុន្តែសម្រាប់ នៅប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតមួយរបស់កម្មវិធីនេះវិញ បញ្ហាជាច្រើនបានលេចឡើង ដោយក្នុងនោះរួមមានទាំងការរិះគន់ពីមហាជន និង អ្នកនយោបាយមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយចោទកម្មវិធី Tik Tok នេះថា បានបង្កផលអវិជ្ជមានខ្លាំងក្នុងសង្គម និងមានការផ្សព្វសកម្មភាពអាសអាភាសជាដើម។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានគណនី Tik Tok ប្រមាណ ១២០លាន មានសកម្មភាពផុសផុលជាប្រចាំខែនៅទូទាំងប្រទេសឥណ្ឌា។ បន្ថែមពីនេះ ការសម្រេចចិត្ត របស់ Google និង Apple ក្នុងការដកកម្មវិធី Tik Tok ចេញពី Store របស់ពួកគេនៅឥណ្ឌា គឺបានកើតមានឡើងក្រោយពីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិកឥណ្ឌា ដាក់ដំណើរទៅកាន់ក្រុមហ៊ុន ផ្គត់ផ្គង់សេវាអ៊ីនធើណែតទាំងអស់ ឲ្យហាមឃាត់ដំណើរការរបស់ Tik Tok នៅទូទាំងប្រទេសឥណ្ឌា៕