(ហ្សាការតា)៖ ប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតប្រចាំតំបន់អាស៊ាន និងធំមួយផងដែរនៅលើពិភពលោក គឺឥណ្ឌូណេស៊ី បានបញ្ចប់ការបោះឆ្នោតសកលជាផ្លូវការហើយ នៅល្ងាចថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩នេះ ខណៈប្រជាពលរដ្ឋប្រមាណជាង ១៩០លាននាក់ត្រូវបានគេគណនាថា បានចូលរួមគូសសន្លឹកឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីដែលពួកគេពេញចិត្ត។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នៅមុននេះបន្តិច។

សម្រាប់បេក្ខជនប្រធានាធិបតីពីររូបដែលលេចធ្លោជាងគេ នៅក្នុងការយុទ្ធនាការបោះឆ្នោតកន្លងមកនេះ គឺប្រធានាធិបតីបច្ចុប្បន្នលោក Joko Widodo និងអតីតមេបញ្ជាការយោធា ឥណ្ឌូណេស៊ីលោក Prabowo Subianto។ សម្រាប់ការបោះឆ្នោតគឺចាប់ផ្តើមពីខេត្តប៉ាពួរ មុនគេតែម្តង ព្រោះនេះជាខេត្តស្ថិតនៅចុងភាគខាងកើតឥណ្ឌូណេស៊ី ដែលបានទទួលពន្លឺព្រះអាទិត្យមុនគេ និងក្រោយមកទៀត ទើបមានការចាប់ផ្តើមបើកដំណើរការមណ្ឌលជាបន្តបន្ទាប់ រហូតដល់កោះស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងលិច។

បើតាមការចេញផ្សាយដោយ Washington ប៉ុស្តិ៍នៅមុននេះបន្តិច លោក Joko Widdo បានទទួលសំឡេងគាំទ្រលើសគូប្រជែងធំបំផុតរបស់លោកទៅហើយ ក្រោយការរាប់សន្លឹក ឆ្នោតមិនទាន់ផ្លូវការបានប្រមាណ ៨០%។ នៅក្នុងនោះគឺក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ ដែលត្រូវបានរាប់មិនទាន់ផ្លូវការ លោក Widodo ទទួលបានការគាំទ្រសរុបរហូតដល់ ៥៥% ដែលលើសលោក Subianto រហូតដល់ទៅជាង ១០% ឯណោះ។ យ៉ាងណាក៏ដោយ លទ្ធផលជាផ្លូវការ គឺនឹងត្រូវប្រកាសនៅ អំឡុងដើមខែឧសភា យ៉ាងឆាប់។

ដោយឡែកនៅមុនការបោះឆ្នោតប្រព្រឹត្តទៅ ក៏មានការតវ៉ាកើតឡើងផងដែរ ពីសំណាក់ ក្រុមបក្សប្រឆាំង ដោយពួកគេបានចោទប្រកាន់ទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិតមួយ ចំនួននៅលើបណ្តាញសង្គម ដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឥណ្ឌូណេស៊ី រាប់លាននាក់នៅក្នុងការសម្រេចចិត្តគូសសន្លឹកឆ្នោតជាដើម ខណៈសភារបស់ឥណ្ឌូណេស៊ី ត្រូវការតំណាងរាស្ត្រសរុប ៥៧៥រូប មកបំពេញ។ បន្ថែមពី

ងាកទៅមើលបេក្ខជនជួរមុខទាំងពីរ ដែលធ្លាប់បានប្រកួតគ្នាយ៉ាងប្រកៀកប្រកិតម្តងរួចមកហើយ កាលពីឆ្នាំ២០១៤នោះ គឺលោក Widodo និងលោក Subianto មកដល់អាណត្តិថ្មីនេះ អ្នកទាំងពីរ នៅតែបង្ហាញពីភាពខ្លាំងក្លារៀងៗខ្លួនដដែល។ លោក Widodo កាលពីកំឡុងយុទ្ធនាការបោះឆ្នោតបានសន្យាថា លោកនឹងកសាងហេដ្ឋរចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងសេវាសង្គមឲ្យកាន់តែប្រសើរឡើងថែមទៀត ខណៈលោក Subianto ដែលជាអតីតអគ្គមេបញ្ជាការយោធានោះ បានសន្យាបង្កើនការចំណាយលើ វិស័យយោធា និងពិនិត្យឡើងវិញនូវការវិនិយោគពីចិន រាប់ពាន់លានដុល្លារនៅលើទឹកដីឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ប្រជាជនឥណ្ឌូណេស៊ីមានចំនួនសរុបជិត ២៧០លាននាក់ ដោយក្នុងនោះ អ្នកមានសិទ្ធិបោះឆ្នោតមានជាង ១៩០លាននាក់។ បន្ថែមពីនេះមណ្ឌលបោះឆ្នោតប្រមាណ ៨០០,០០០កន្លែង បានបើកដំណើរការទូទាំងប្រទេស ដែលមានកោះច្រើនបំផុតលើលោកនេះ ចាប់តាំងពីម៉ោង ៧៖០០នាទីព្រឹក ហើយក្រោយបិទបញ្ចប់ការបោះឆ្នោតនៅល្ងាចថ្ងៃពុធនេះ ហិបផ្ទុកសន្លឹកឆ្នោតទាំងអស់ត្រូវបានគេរៀបចំដឹកតាមទូក ដំរី យន្តហោះ សេះ និងរថយន្តជាដើម ចេញពីបណ្តាកោះ និងតំបន់នានា យកមកទីស្នាក់ការកណ្តាលដើម្បីរាប់៕