(ព្រុចសែល)៖ ខណៈសហភាពអឺរ៉ុបបានផ្តល់ភ្លើងខៀវ ឲ្យចាប់ផ្តើមការចរចាពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក ប្រទេសបារាំងបានបញ្ចេញសំឡេងជំទាស់ទៅនឹងកិច្ចសន្ទនា​ដែលគ្រោងរៀបចំឡើងទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នា២០១៩។

ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានសម្តែងការប្រឆាំង ចំពោះការចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ជាអ្នកដែលបានដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុសកល នៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោក Macron បានបង្ហោះសារ​នៅលើបណ្តាញសង្គម Twitter ដូច្នេះថា «បារាំងជំទាស់នឹងការចាប់បើកកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ដែលមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»

គួរជម្រាបថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងភាគីទាំងពីរ បានកើនឡើងកម្តៅជាថ្មី បន្ទាប់ពីថ្មីៗនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងតែពិចារណាដំឡើងពន្ធ លើទំនិញរបស់សហភាពអឺរ៉ុប​ដែលគិតជាទឹកប្រាក់ ទំហំប្រមាណ ១១ពាន់លានដុល្លារ ដោយសារតែ EU ផ្តល់ធនឧបត្ថម្ភជួយដល់​ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាការជះឥទ្ធិពលបែបអវិជ្ជមានជាខ្លាំង​ដល់សហរដ្ឋអាមេរិក ជាពិសេសដល់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលកំពុងរងព្យុះភ្លៀងស្រាប់នោះ៕