(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសថា ខ្លួននឹងបន្តរាំងខ្ទប់លុយ ៤០០លានដុល្លាររបស់វេណេស៊ុយអេឡា រហូតទាល់តែបញ្ហានៃការទទួលស្គាល់រដ្ឋាភិបាល របស់ប្រទេសអាមេរិកឡាទីនមួយនេះ ត្រូវបានបញ្ជាក់ច្បាស់លាស់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

កាលពីដើមខែមករា IMF បានសម្រេចធ្វើការរាំងខ្ទប់លុយ ៤០០លានដុល្លារ របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ហើយថ្ងៃពុធសប្តាហ៍នេះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានប្រកាសយ៉ាងដូច្នេះថា «ការពាក់ព័ន្ធណាមួយរបស់ IMF ជាមួយវេណេស៊ុយអេឡា ដោយរួមទាំង ការឆ្លើយតបទៅនឹងសំណើដកលុយ ដែលអាចធ្វើឡើងពីសំណាក់ទីក្រុងការ៉ាកាស់ គឺអាស្រ័យទៅលើការបញ្ជាក់ឲ្យបានច្បាស់ពីបញ្ហា ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា ពោលគឺសមាជិករបស់ស្ថាប័នយើងត្រូវតែបញ្ជាក់ថា តើភាគីខាងណាដែលពួកគេទទួលស្គាល់តាមផ្នែកការទូត ជាអ្នកដឹកនាំវេណេស៊ុយអេឡា...»

គួរជម្រាបថា ដោយសារតែប្រព័ន្ធកូតារបស់ IMF សហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តអឺរ៉ុប អាចប្រើសិទ្ធិជំទាស់រាល់ការសម្រេចចិត្តនានារបស់ស្ថាប័នអន្តរជាតិមួយនេះ ពោលគឺអាចបង្ខំឲ្យ IMF ធ្វើតាមផលប្រយោជន៍របស់ខ្លួនបាន។ បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលវិបត្តិមនុស្សជាតិធ្ងន់ធ្ងរ ដោយសារការខ្វះខាតស្បៀង ទឹក និងថ្នាពេទ្យ ហើយបណ្តាញអគ្គិសនី ព្រមទាំងមានការដាច់ញឹកញាប់ថែមទៀតស្ទើរតែទូទាំងប្រទេស ចាប់តាំងពីខែមីនាមក ខណៈសហរដ្ឋអាមេរិកកំពុងបន្តដាក់ទណ្ឌកម្មម្តង ហើយម្តងទៀតមកលើប្រទេសអាមេរិកឡាទីនមួយនេះ៕