(តែលអាវីវ)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតនៅប្រទេសអ៊ីស្រាអែល ទីបំផុតបង្ហាញថា គណបក្សរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទួលជ័យជម្នះលើគូប្រជែងធំជាងគេរបស់ខ្លួន គឺគណបក្ស Blue and White ហើយប្រការនេះនឹងបើកផ្លូវឲ្យលោក Netanyahu ឆ្ពោះទៅរកការបន្តដឹកនាំប្រទេស សម្រាប់អាណត្តិទី ៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

យោងតាមលទ្ធផលដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ គណបក្សស្តាំនិយម លីគូដ (Likud) របស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ទទួលបានអសនៈសរុបចំនួន ៣៦ ខណៈបក្សកណ្តាលនិយម Blue and White ទទួលបាន ៣៥អសនៈ។ នាពេលនេះលោក Netanyahu ត្រូវចាប់ដៃជាមួយគណបក្សស្តាំនិយមដទៃទៀត ដើម្បីប្រមូលអសនៈ ឲ្យបានយ៉ាងតិច ៦១ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ហើយបើតាមលទ្ធផលដដែល សម្ព័ន្ធគណបក្សស្តាំនិយមបើរួមគ្នានឹងទទួលបាន ៦៥អាសនៈ គឺលើសពីគ្រប់គ្រាន់ទៅទៀត។

គួរជម្រាបថា គណបក្ស Blue and White ដែលជាគូប្រជែងធំជាងគេនៅក្នុងការបោះឆ្នោត សម្រាប់លោក Netanyahu បានប្រកាសទទួល ស្គាល់ភាពបរាជ័យកាលពីយប់ថ្ងៃពុធ ហើយប្តេជ្ញាថានឹងដើរតួនាទីជាបក្សប្រឆាំងដ៏ខ្លាំងដៃមួយ។ យ៉ាងណាមិញ លទ្ធផលខាងលើមានន័យថា លោក Netanyahu កំពុងឆ្ពោះទៅរកការកាន់អំណាចនៅអាណត្តិទី ៥ ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលកាន់តំណែងបានយូរជាងគេបង្អស់៕