(ព្យុងយ៉ាង)៖ មេដឹកនាំរបបដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងត្រូវតែប្រឹងប្រែង អភិវឌ្ឍសេដ្ឋកិច្ចដោយខ្លួនឯងឱ្យកាន់តែរីកចំរើន ដើម្បីជាការសងសឹកទៅនឹងអ្នកដែលដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរបស់លោក។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

យោងតាម KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកមា្មធិការមជ្ឈិមទី៧នៃគណបក្សពលករកូរ៉េខាងជើងនៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក គីម បានលើកឡើងដូច្នេះថា៖ «យើងចាំបាច់ត្រូវតែប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយខ្លួនឯង ឱ្យស្របទៅតាម លក្ខខណ្ឌនៃសង្គមរបស់យើង ដោយឈរលើមូលដ្ឋានប្រឹងប្រែងដោយខ្លួនឯង បច្ចេកវិទ្យា និងធនធានដែលយើង មាន...ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើនដោយខ្លួននេះគឺជាការសងសឹក ទៅនឹងកម្លាំងអរិភាពទាំងឡាយ ដែលដាក់ទណ្ឌកម្ម និងចង់ឱ្យកូរ៉េខាងជើងលុតជង្គង់សុំចុះចាញ់»

គួរជម្រាបថា ទោះបីជាមិនបានបញ្ជាក់ថាកម្លាំងអរិភាពទាំងនោះជានរណា ប៉ុន្តែការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថាគឺជាប្រតិកម្ម និងជាការប្រកាន់គោលជំហរជាលើកដំបូងពាក់ព័ន្ធនឹងការបរាជ័យនៃ កិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមជាមួយលោក ដូណាល់ ត្រាំ កាលពីចុងខែកុម្ភៈកន្លងទៅ ដោយសារតែរឿងដាក់ទណ្ឌកម្ម៕