(អាមេរិក)៖ ទីបំផុតរូបភាពពិតជាក់ស្តែងនៃប្រហោងខ្មៅ (Black Hole) ត្រូវបានអ្នកវិទ្យាសាស្រ្តបញ្ចេញឲ្យពិភពលោកបានឃើញជា លើកដំបូង ដោយសមិទ្ធផលនេះអាចសម្រេចទៅបាន គឺដោយសារតែបណ្តាញតេឡេស្កូប ដ៏មានអានុភាពនៅលើផែនដីមានឈ្មោះថា Event Horizon Telescope ហៅកាត់ EHT។

ឈ្មោះនៃគ្រោងនេះបានយកតាមតំបន់ច្រកពេលវេលារបស់ប្រហោងខ្មៅ ដែលគេហៅថា Event Horizon គឺជាចំណុចដែលវត្ថុនានា សូម្បីតែពន្លឺ បើបានចូលទៅដល់ហើយ គឺមិនអាចគេចចេញពីក្រញាំទំនាញរបស់វត្ថុមហិមានេះបានឡើយ។ ប្រការនេះហើយទើបធ្វើឲ្យ ការផ្តិតយករូបភាពផ្នែកខាងក្នុងរបស់ប្រហោងខ្មៅ គឺជារឿងមិនអាចទៅរួចឡើយ លុះត្រាតែអ្នកអាចូលទៅដល់ក្នុងនោះបាន ប៉ុន្តែប្រាកដណាស់ រូបអ្នកផ្ទាល់ព្រមទាំងរូបថតនោះ គឺមិនអាចត្រឡប់ចេញមកក្រៅវិញបានឡើយ ទោះបីជាថតហើយក៏ដោយ។

កន្លងនេះគម្រោង EHT បានចំណាយពេលអង្កេតសិក្សាទៅលើប្រហោងខ្មៅធំៗចំនួន ០២ (សុទ្ធតែប្រភេទ Supermassive Black Hole)។ មួយមានដែលមានម៉ាសស្មើនឹងម៉ាស​ព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដង ហើយមានទីតាំងស្ថិតនៅកាឡាក់ស៊ី M87 (ស្ថិតនៅកាឡាក់ស៊ីផ្សេង) និងមួយទៀតដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើងតែម្តងមានឈ្មោះថា Sagittarius A*។ Sagittarius A* បើទោះបីជាមានលំដាប់ថ្នាក់ជា Supermassive Black Hole ក៏ដោយ គឺមានទំហំតូចខ្លាំងបើធៀបជាមួយទំហំរបស់ប្រហោងខ្មៅ ដែលស្ថិតនៅក្នុងកាឡាក់ស៊ី M87 ព្រោះវាមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យត្រឹ ម ៤.៣លានដងប៉ុណ្ណោះ ។

យ៉ាងណាមិញ វត្ថុទាំងពីរនេះគឺសុទ្ធតែជាគោលដៅ ដែលពិបាកក្នុងការអង្កេតមើលដូចគ្នា ដោយសារតែចម្ងាយឆ្ងាយរបស់ពួកវាពីផែនដីយើង។ ប្រហោងខ្មៅ Sagittarius A* ស្ថិតនៅចម្ងាយប្រហែល ២៦,០០០ឆ្នាំពន្លឺពីយើង ខណៈប្រហោងខ្មៅនៅ M87 ស្ថិតនៅចម្ងាយ ៥៣.៥លានឆ្នាំពន្លឺឯណោះ។ និយាយរួមបើមើលទៅសូម្បី Sagittarius A* គឺមានទំហំតូចខ្លាំង ដែលពុំមានផ្កាយរណបណាមួយតែឯង អាចធ្វើការអង្កេតត្រង់ៗទៅលើពួកវាបានឡើយ ដូចច្នេះក្រុមកាងារនៃគម្រោង EHT ក៏បានតភ្ជាប់ប្រព័ន្ធតេឡេស្កូនៅរដ្ឋ Arizona របស់អាមេរិក, ប្រទេសអេស៉្បាញ ម៉ិចស៊ីកូ នៅទ្វីបអង់តាក់ទិច និងកន្លែងឯទៀតៗ​ជុំវិញពិភពលោក ដើម្បីបង្កើតជាបណ្តាញមួយដែលមានវិសាលភាព ព័ទ្ធជុំវិញភពផែនដីទាំងមូល ឬអាចនិយាយបានថា ប្រព័ន្ធតេឡេស្កូប EHT មានទំហំប៉ុនភពផែនដី។

គួរជម្រាបថា រូបភាពពិតដែលត្រូវបានបញ្ចេញ គឺជារូបភាពនៃប្រហោងខ្មៅយក្សនៅឯកាឡាក់ស៊ី M87 ដោយទិន្នន័យដ៏ច្រើនសម្បើម គឺដល់ទៅខ្ទង់ Petabyte (១ Petabyte ស្មើ ១លាន Gigabyte) ត្រូវបានប្រើប្រាស់ដើម្បីបង្កើតចេញជារូបភាពនេះ។ បើទោះបីរូបភាពជាក់ស្តែង​ទីមួយនេះ មានលក្ខណៈព្រាលមិនសូវច្បាស់ក៏ដោយ ទៅថ្ងៃអនាគតខាងមុខ យើងប្រហែលអាចមានឱកាសមើលឃើញរូបភាពនៃប្រហោងខ្មៅ ដែលមានលក្ខណៈយ៉ាងលម្អិត ពោលគឺមិនខុសពីរូបភាពរបស់ភពមិនពេញលក្ខណៈ Pluto នោះឡើយ។

ពន្យល់បន្ថែម៖ ប្រហោងខ្មៅកកើត​ចេញជារូបរាង​ឡើងពីផ្កាយធំៗ នៅពេលដែល​ជីវិតពួកវាឈានដល់​ទីបញ្ចប់នៅក្នុង​បន្ទុះណូវ៉ា (Nova Explosions) ដ៏​ខ្លាំង​ក្លា។ កាឡាក់ស៊ី Milky Way មានផ្កាយចំនួន​ប្រហែកជា​ ១០០ពាន់លាន ហើយបើតាម​ការប៉ាន់ស្មាន​​មួយ​នៅ​ក្នុង​ចំណោម​តារា​ចំនួន១,០០០មានទំហំធំ​គ្រប់គ្រាន់ ដើម្បីប្រែក្លាយ​ប្រហោងខ្មៅ។ ដូច្នេះហើយ កាឡាក់ស៊ីរបស់​យើងច្បាស់ជា​មាន​ផ្ទុក​ប្រហោង​ខ្មៅ​ចំនួន​​ ១០០លាន​ជាក់​ជា​មិនខាន តែភាគច្រើន​មិនត្រូវអាចបានមើលឃើញ​ដោយពួកយើ​ងឡើយ ហើយ​មាន​តែ​មួយ​ចំនួនប៉ុណ្ណោះ​ដែលត្រូវបាន​រកឃើញ។

ប្រហោងខ្មៅដែលនៅកៀកបំផុត ស្ថិតនៅចម្ងាយប្រមាណ១,៦០០ឆ្នាំពន្លឺពីផែនដី ខណៈនៅក្នុង​តំបន់នៃចក្រវាឡដែលអាច​មើល​ឃើញ​ពី​ភព​របស់​យើង ប្រហែលជាមានកាឡាក់ស៊ីចំនួន ១០០ពាន់លានទៀត ហើយ​កា​ឡាក់​ស៊ី​នីមួយៗ​មានប្រហោងខ្មៅ​ប្រហែល ​១០០លានជាមធ្យម។ ស្រប​ពេល​ជាមួយគ្នា នៅកន្លែងណាមួយនៃចក្រវាឡ ប្រហោងខ្មៅដ៏ធំមហាសាល​ កំពុងកកើតឡើងចាញពីបន្ទុះស៊ូភើ (Supernova) ជា​រៀង​​រាល់​វិនាទី។

ចំណែកប្រហោងខ្មៅដ៏ធំមហិមានានាវិញ មានទំហំចន្លោះ​ពីមួយលានរហូតដល់មួយពាន់លាន​ដង​ធំជាង​ព្រះអាទិត្យរបស់យើង ហើយ​អាច​ត្រូវ​បាន​រក​ឃើញ​​នៅ​​ចំ​កណ្តាល​នៃកាឡាក់ស៊ី ហើយកាឡាក់ស៊ី​ភាគច្រើន ឬប្រហែលជា​គ្រប់កាឡាក់ស៊ីទាំងអស់​មានផ្ទុកនូវប្រហោង​ដ៏ធំបែបនេះ។ ដូច្នេះ​នៅ​ក្នុងតំបន់របស់យើង​នៃចក្រវាឡ ទំនងជា​មានវត្តមាន​របស់ប្រហោងខ្មៅ​ដែលមានទំហំធំៗ​បំផុតចំនួន​ ១០០ពាន់លាន ហើយប្រ​ហោងខ្មៅ​ខ្នាតធំ ដែល​ស្ថិតនៅចំកណ្តាល​កាឡាក់ស៊ី Milky Way ដែលមានចម្ងាយ​ ២៦ពាន់ឆ្នាំពន្លឺពី​ភពផែនដី៕