(ញូដេលី)៖ ការបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យ ធំជាងគេបំផុតនៅលើពិភពលោក ក្នុងប្រទេសឥណ្ឌា បានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការពឹងថា នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្នលោក ណារិនដ្រា ម៉ូឌី (Narendra Modi) អាចនឹងឈ្នះនៅក្នុងការបោះឆ្នោតនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌានឹងត្រូវបែងចែកជា ០៧តំណាក់កាល ដោយក្នុងនោះប្រជាជនឥណ្ឌាដែលមានសិទ្ធិបោះឆ្នោតជាង ៩០០លាននាក់ នឹងធ្វើការជ្រើសរើសសមាជិកសភាតាមមណ្ឌលនីមួយៗចំនួន ៩១រូបនៅទូទាំងរដ្ឋ និងដែន ដីសហព័ន្ធចំនួន ២០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល (ដោយមណ្ឌលមួយត្រូវមាន តំណាងរាស្រ្ត ម្នាក់។ បន្ថែមពីលើនេះប្រជាជនឥណ្ឌាក៏នឹងត្រូវបោះឆ្នោតជ្រើសរើស សមាជិកសភាជាន់ទាប (សភាតំណាងរាស្ត្រ) សរុប ៥៤៣នាក់ផងដែរ ខណៈគណបក្ស ឬក្រុមចម្រុះនីមួយៗត្រូវការសំឡេងយ៉ាងហោចណាស់ ២៧២អសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។

គួរជម្រាបថា ការបោះឆ្នោតជា ០៧តំណាក់កាលនៅក្នុងប្រទេសឥណ្ឌា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១ ខែមេសានេះរហូត ដល់ថ្ងៃទី១៩ ខែឧសភា។ ចំណែកឯការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ។ ការរៀបចំជាតំណាក់កាល បែបនេះ ក៏ព្រោះតែប្រទេសឥណ្ឌាមានរដ្ឋច្រើន ប្រជាជនច្រើន និង ត្រូវការពេលវេលាច្រើនផថ ដើម្បីរៀបចំដំណើរការទាំងមូលឲ្យបានចប់សព្វគ្រប់ ដែលខុសឆ្ងាយពីប្រទេសប្រធិបតេយ្យផ្សេងៗទៀត៕