(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយក្ដីសង្ឃឹមថាអាចនឹងដោះស្រាយភាពជាប់គាំង នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចរបស់លោក មូន ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ នឹងក្លាយជាជំនួបលើកទី៧របស់លោក ជាមួយលោក ដូណាល់ ត្រាំ ហើយវាក៏នឹងក្លាយជាជំនួបការទូតកំពូលជាលើកដំបូងផងដែរ ចាប់តាំងកិច្ចចរចារវាង លោក ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅទទួលបរាជ័យ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក មូន និងលោក ត្រាំ អាចនឹងពិភាក្សាគ្នាពីសំណុំរឿងកូរ៉េខាងជើង ក៏ដូចជា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាង២៕