(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់ជាលក្ខណៈពេញអង្គមួយនាថ្ងៃពុធនេះ ជាមួយមន្រ្តីកំពូលៗនៃ បក្សកាន់អំណាចកូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

ការកោះប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកូរ៉េនាថ្ងៃពុធនេះ បានកើតមានឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅហាណូយរបស់លោក គីម ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ទៅយ៉ាងតក់ក្រហល់ ដោយពុំមានកិច្ចព្រមព្រៀង ឬសូម្បីតែសេចក្តីថ្លែងការណ៍រួមកាលពីចុងខែកុម្ភៈ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មាន KCNA ការកោះប្រជុំនេះទំនងជាមានគោលដៅ ផ្តោតសំខាន់ទៅលើកិច្ចបន្តប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯណោះវិញទេ។

ទីភ្នាក់ងារព័ត៌មាន KCNA ឲ្យដឹងថា ក្នុងជំនួបមួយនាថ្ងៃអង្គារសប្តាហ៍នេះ​ជាមួយក្រុមមន្រ្តីជាន់ខ្ពស់ លោក គីម បានបង្គាប់ឲ្យមន្រ្តីរបស់លោកបង្ហាញចេញនូវឥរិយាបថ​ឲ្យសាកសមជាម្ចាស់នៃបដិវត្តន៍ និងការស្ថាបនា នៅក្រោមស្ថានការណ៍តានតឹងបច្ចុប្បន្ន ហើយ ដើរតាមខ្សែបន្ទាត់យុទ្ធសាស្រ្តថ្មីរបស់បក្សកាន់អំណាច។ មួយវិញទៀតកាលពីខែមេសា ឆ្នាំ២០១៨ លោក គីម ធ្លាប់បានប្រកាសថា បន្ទាត់យុទ្ធសាស្រ្តថ្មីរបស់បក្ស គឺជាកិច្ចខិតខំស្ថាបនាសេដ្ឋកិច្ចបែបសង្គមនិយម។

គួរជម្រាបថា ការកោះប្រជុំថ្នាក់កំពូលនាថ្ងៃពុធនេះ ក៏ត្រូវបានធ្វើឡើងមួយថ្ងៃមុន ការចាប់ផ្តើមនីតិកាលថ្មីនៃសភាប្រថាប់ត្រារបស់កូរ៉េខាងជើងផងដែរ។ បច្ចុប្បន្នប្រទេសកូរ៉េខាងជើង​កំពុងតែព្យាយាមយ៉ាងត្រដាបត្រដួស ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច នៅចំពោះមុខទណ្ឌកម្មរបស់អន្តរជាតិ ខណៈកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ ដើម្បីដោះស្រាយ​បញ្ហាទាំងនេះត្រូវបានបរាជ័យ និងពិបាកក្នុងការស្តារឡើងវិញ។ ដោយឡែកបណ្តាប្រទេសធំៗ​ដូចជាចិន និងរុស្ស៊ីជាដើម ក៏ពិបាកនឹងជួយកូរ៉េខាងជើងផងដែរ ដោយសារខ្លាចទណ្ឌកម្មអន្តរជាតិ៕