(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសឲ្យដឹងថា ក្នុងឆ្នាំនេះប្រទេសរបស់លោកនឹងប្រកាន់យកយុទ្ធសាស្រ្តថ្មី សម្រាប់ការអភិវឌ្ឍ​នៃតំបន់អាក់ទិចរុស្ស៊ីរហូតដល់ឆ្នាំ២០៣៥ ចំពោះមុខការប្រជែងឥទ្ធិពលកាន់តែខ្លាំងជាមួយអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងវេទិកាអន្តរជាតិស្តីពីតំបន់អាក់ទិចលើកទី ៥ នៅឯទីក្រុងសេនភីធើប៊ឺក (St. Petersburg) លោក ពូទីន បាននិយាយដូច្នេះថា «ឆ្នាំនេះយើងនឹងព្រាងរៀបចំ ហើយអនុម័តយុទ្ធសាស្រ្តថ្មីមួយ សម្រាប់កិច្ចការងារអភិវឌ្ឍន៍ នៃតំបន់អាក់ទិចរុស្ស៊ីរហូតដល់ឆ្នាំ២០៣៥»។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោក​​នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើការអភិវឌ្ឍ នៃបណ្តាញទឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឯទៀតៗ ដែលនឹងជួយបើកផ្លូវត្រៀមសម្រាប់ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗនាពេលអនាគត។

គួរជម្រាបថា បច្ចុប្បន្នមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងចិន ព្រមទាំងអឺរ៉ុបជាដើម ក៏កំពុងតែផ្តោតការយកចិត្តទៅលើតំបន់មហាសមុទ្រទឹកកកអាក់ទិចផងដែរ តាមរយៈការល្បាត និងរៀបចំគម្រោងសិក្សាតាមបែបវិទ្យាសាស្ត្រ ព្រោះសមុទ្រទឹកកកស្ថិតនៅប៉ូលខាងជើង​នៃភពផែនដីនេះ គឺជាដែនសមុទ្រស្ថិតនៅក្រោមការគាំពារនៃច្បាប់អន្តរជាតិ៕