(វ៉ាស៊ីនតោន)៖ កែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែទទួលបានបញ្ជីឈ្មោះនៃគោលដៅសំខាន់ៗ ដែលនឹងអាចជួយសម្រួលបេសកកម្មរបស់វា ឲ្យកាន់តែមានភាពងាយស្រួល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

ក្រុមតារាវិទូបានបង្កើតឡើងនូវបញ្ជីនៃភពអាចទ្រទ្រង់ជីវិតបាន សម្រាប់កែវយឺតអវកាស TESS ដែលមានឈ្មោះពេញហៅថា «Transiting Exoplanet Survey Satellite» ដោយការធ្វើបែបនេះ គឺសំដៅជួយដល់បេសកកម្មតាមប្រមាញ់រុករកភពដែលអាចមាន លក្ខណៈស្រដៀងនឹងផែនដីយើង របស់ TESS។ ក្រុមការងារនៃបេសកកម្ម TESS បានលើកឡើងដូច្នេះថា «ជីវិតអាចមានវត្តមាននៅលើភពគ្រប់ប្រភេទ ប៉ុន្តែប្រភេទដែលយើងដឹងច្បាស់ថា អាចទ្រទ្រង់ជីវិតបាន គឺភពរបស់យើងផ្ទាល់ ដូច្នេះហើយវាគឺជារឿងត្រឹមត្រូវ ដែលជាកិច្ចចាប់ផ្តើមយើងគួរស្វែងរុករកភពដែលស្រដៀងផែនដី»

គួរជម្រាបថា យានអវកាស TESS ត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងអវកាសរបស់ផែនដី តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX កាលពីខែមេសា ឆ្នាំ២០១៨។ បច្ចុប្បន្ន វាកំពុងឆ្លុះរកមើលភពអេលៀន (Exoplanet) នៅជុំវិញប្រព័ន្ធផ្កាយដែលនៅក្បែរៗយើង។ បេសកកម្មរបស់វា គឺការគណនាឲ្យដឹងពីបេក្ខភាពភព ដែលអាចមានលក្ខណៈអំណយផលខ្ពស់ នៃវត្តមានរបស់ជីវិតក្នុងទម្រង់ណាមួយ ដោយយកឧទាហរណ៍ នៃអ្វីដែលភពផែនដីយើងមាន ធ្វើជាគំរូសម្រាប់ការស្រាវជ្រាវ៕