(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែចាត់វិធានការដំឡើងពន្ធ ទៅលើទំនិញនាំចូលពី សហភាពអឺរ៉ុប (EU) ដើម្បីជាការឆ្លើយតបចំពោះការដែល EU បន្តផ្តល់មូលធនឧបត្ថម្ភដល់ ក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេសបារាំង Airbus ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា បានជះផលប៉ះពាល់បែបអវិជ្ជមានដល់សហរដ្ឋអាមេរិក និងមិនត្រូវតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO។ នេះបើ តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសនាថ្ងៃចន្ទសប្តាហ៍នេះ របស់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) អង្គការ WTO បានរកឃើញម្តងហើយម្តងទៀតថា ការផ្តល់ធនឧបត្ថម្ភរបស់សហភាពអឺរ៉ុប ឲ្យទៅក្រុមហ៊ុន Airbus បានបង្កឥទ្ធិពលអាក្រក់ដល់ សហរដ្ឋអាមេរិក និងពុំត្រូវទៅតាមក្បួនច្បាប់របស់ អង្គការពាណិជ្ជកម្មអន្តរជាតិនេះឡើយ។ ហេតុដូចនេះ USTR បានសម្រេចចាប់ផ្តើមនីតិវិធីរបស់ខ្លួន ដើម្បីកំណត់ថាតើទំនិញ EU ណាខ្លះ ដែលត្រូវដំឡើងពន្ធបន្ថែម លុះត្រាតែភាពអឺរ៉ុបសម្រេចលុបចោលការឧបត្ថម្ភទាំងនេះ។

ទន្ទឹមនឹងនេះការិយាល័យ USTR ក៏បានចេញផ្សាយបញ្ជីរាយនាមបឋមនៃទំនិញរបស់ EU ដែលត្រូវបានកំណត់ថានឹងត្រូវដំឡើងពន្ធផងដែរ ដោយក្នុងចំណោមនោះ រួមមានទាំងយន្តហោះ និងផ្នែករបស់យន្តហោះមិនមែនយោធា ដែលផលិតឡើងនៅប្រទេស បារាំង អាល្លឺម៉ង់ អេស៉្បាញ ឬចក្រភពអង់គ្លេស ពោលគឺជាប្រទេសដែលផលិតផ្នែកខុសៗគ្នា នៃយន្តហោះរបស់ Airbus ព្រមទាំងទំនិញជាច្រើនមុខទៀត ដែលនាំចូលពីសមាជិកទាំង ២៨ របស់សហភាពអឺរ៉ុប។

គួរជម្រាបថា បញ្ហាវិវាទរបស់សហរដ្ឋអាមេរិកជាមួយសហភាពអឺរ៉ុប ជុំវិញការផ្តល់ធនឧបត្ថម្ភដល់ Airbus ដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing គឺបានចាប់ផ្តើមតាំងតែពីឆ្នាំ២០០៤មកម្ល៉េះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនជា លើកដំបូងបានងាកទៅប្តឹង WTO។

អាមេរិកបានលើកឡើងថា ការផ្តល់ធនឧបត្ថម្ភដែលមានគោលដៅជួយ Airbus ឲ្យផលិតយន្តហោះគ្រប់ម៉ូដែលរបស់ខ្លួននោះ បានបណ្តាលឲ្យការលក់របស់ Boeing ធ្លាក់ចុះ ហើយធ្វើឲ្យ Boeing បាត់បង់ចំណែកក្នុងទីផ្សារនៅជុំវិញពិភពលោក។ ក៏ប៉ុន្តែសហភាពអឺរ៉ុបវិញ ក៏បានចោទសហរដ្ឋអាមេរិកផងដែរថា បានផ្តល់ការគាំទ្រដែលគ្មានតម្លាភាពឲ្យក្រុមហ៊ុន Boeing៕