(សៀងហៃ)៖ ក្រុមហ៊ុន China Aircraft Leasing Group Holdings Ltd (CALC) នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមិនបានផ្អាកការបញ្ជាទិញយន្ដហោះ Boeing 737 MAX ចំនួន ១០០គ្រឿង ឬក៏ពន្យារពេលការបង់ប្រាក់ ដូចដែលសារព័ត៌មាន South China Morning Post នៅហុងកុងបានចុះផ្សាយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

ប៉ុន្មានថ្ងៃមុននេះសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ក្រុមហ៊ុន CALC បានផ្អាកការបញ្ជាទិញយន្ដហោះ Boeing 737 MAX ដោយសំអាងលើសម្រង់សម្ដីរបស់ប្រធានក្រុមហ៊ុន ដែលមានមូលដ្ឋានក្នុងទីក្រុងហុងកុងមួយនេះ គឺលោក ជិន ហ្សាង (Chen Shuang)។ ប៉ុន្តែខាងក្រុមហ៊ុនបានអះអាងថា វាគឺជាការស្រង់សម្ដីខុស ខណៈ South China Morning Post ក៏បានកែតម្រូវព័ត៌មានឡើងវិញ ដោយផ្អែកលើសម្ដីនាយកប្រតិបត្តិ CALC លោក ម៉ៃក៍ ភូន (Mike Poon) ដែរថា ក្រុមហ៊ុនមិនបានបញ្ឈប់ការបង់ប្រាក់នោះទេ ប៉ុន្តែគ្រាន់តែការប្រគល់យន្ដហោះត្រូវពន្យារពេល ដូច្នេះហើយ ទើបការបង់ប្រាក់មិនចាំបាច់ធ្វើនៅពេលនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ព័ត៌មានពីការលុបចោល ឬពន្យារពេលការបញ្ជាទិញយន្ដហោះពី Boeing កើតមានឡើងជាបន្តបន្ទាប់ ក្រោយយន្ដហោះ 737 MAX 8 បានធ្លាក់នៅឯប្រទេសអេត្យូពី ដោយផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ ហើយនេះគឺជាការធ្លាក់លើកទី២ បន្ទាប់ពីយន្ដហោះប្រភេទនេះធ្លាក់នៅឥណ្ឌូណេស៊ី ដែលបានផ្ដាច់ជីវិតមនុស្ស ១៨៩នាក់កាលពីឆ្នាំ២០១៨៕