(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នឹងជួបមុខគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ព្រមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron ខណៈដែលលោកស្រី កំពុងព្យាយាមខ្នះខ្នែងទម្លាយរកច្រកចេញពី ការជាប់គាំងនៃបញ្ហា Brexit (ដំណើរការលែងលះពីសហភាពអឺរ៉ុប)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសពី ការិយាល័យមេដឹកនាំនៃប្រទេសអាល្លឺម៉ង់និងប្រទេសបារាំង លោកស្រី May នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបលោកស្រី Merkel និងទៅកាន់ទីក្រុងប៉ារីស ដើម្បីជួបលោក Macron ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជជែកអំពីបញ្ហា Brexit ខណៈនៅថ្ងៃពុធ កិច្ចប្រជុំពិសេសមួយរបស់សហភាពអឺរ៉ុប (EU) នឹងត្រូវរៀបចំឡើង ហើយជាទីដែលលោកស្រី May ត្រូវគេរំពឹងថានឹងស្នើសុំពន្យារពេល Brexit ជាថ្មីម្តងទៀត។

គួរជម្រាបថា កិច្ចព្រមព្រៀង Brexit ដែលលោកស្រី Theresa May បានខិតខំចរចាជាមួយសហភាពអឺរ៉ុបតាំងតែពីចុងឆ្នាំមុន គឺនៅតែពុំទាន់ទទួលបានការផ្តល់សច្ចាប័ននោះឡើយពីសភាចក្រភពអង់គ្លេស រហូតជាហេតុបង្ខំឲ្យលោកស្រីធ្វើការស្នើសុំ EU លើកពេលម្តងរួចទៅហើយ គឺពីថ្ងៃទី២៩ ខែមីនា ទៅដល់ថ្ងៃទី១២ ខែមេសា ប៉ុន្តែនាសប្តាហ៍មុន លោកស្រី May បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ថា ការធ្វើ Brexit គួរតែប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ បើមិនទទួលបានការអនុញ្ញាតឲ្យពន្យារពេលទៀតទេនោះ ចក្រភពអង់គ្លេសនឹងត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែមេសានេះ ដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់រវាងគ្នា៕