(ញូដេលី)៖ កងទ័ពជើងគោកឥណ្ឌានាថ្ងៃចន្ទនេះ ទើបទទួលតែបានកាំភ្លើងធំចម្ងាយឆ្ងាយមានឈ្មោះថា Dhanush ចំនួន០៦គ្រឿងដំបូង ស្របពេលដែលឥណ្ឌានិងប៉ាគីស្ថាន នៅតែបន្តប៉ះទង្គិចគ្នាម្តងម្តាលនៅតំបន់វិវាទកាស្មៀរ ក្នុងជម្លោះមួយដែលបានផ្ទុះឡើងយ៉ាងក្តៅគគុក កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

កាំភ្លើងធំខាងលើបានមកពីការរួមសហការផលិតរវាងកងទ័ពជើងគោកនិងក្រុមហ៊ុនផលិតសព្វាវុធរបស់ក្រសួងការពារជាតិឥណ្ឌា Ordnance Factory Board ហៅកាត់ថា OFB។ កាំភ្លើងធំ Dhanush ត្រូវបានទីក្រុងញូដេលីអភិវឌ្ឍន៍ឡើង ដោយយោងទៅលើ ប្រភេទកាំភ្លើងធំ FH-77B របស់ក្រុមហ៊ុនផលិតសព្វាវុធរបស់ស៊ុយអែត Bofors។ ឥណ្ឌាបានទិញប្រព័ន្ធកាំភ្លើងធំ FH-77B ចំនួន៤១៤គ្រឿង កាលពីចន្លោះឆ្នាំ១៩៨៧និងឆ្នាំ១៩៩១។ កាំភ្លើងធំ Dhanush អាចផ្លោងគ្រាប់បានចម្ងាយប្រមាណជា៤២គីឡូម៉ែត្រ។

គួរជម្រាបថា ការផ្លោងគ្រាប់កាំភ្លើងធំឆ្លងព្រំដែនដាក់គ្នារវាងឥណ្ឌានិងប៉ាគីស្ថាន បានបន្តកើតមានចាប់តាំងតែពី ការផ្ទុះករណីវាយប្រហារអត្តឃាតថ្ងៃទី១៤ ខែកុម្ភៈ ដែលបានផ្តាច់ជីវិតកងទ័ពឥណ្ឌាជាង៤០នាក់ នៅក្រុង Pulwama។ ក្រុមភេរវករ Jaish-e-Mohammed បានចេញមុខអះអាងថាពួកគេជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយកងទ័ពអាកាសឥណ្ឌាក៏បានធ្វើការសងសឹក តាមរយៈការកម្ទេចជំរុំក្រុមភេរវករនេះនៅក្រុង Balakot ប្រទេសប៉ាគីស្ថាន៕