(សាន់ហ្វ្រាន់ស៊ីស្កូ)៖ មេក្រុមហ៊ុន Amazon លោក Jeff Bezos បានជួលអតីតនាយករងក្រុមហ៊ុន SpaceX ឲ្យមកដឹកនាំគម្រោង Project Kuiper របស់ខ្លួន ដែលមានគោលដៅបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង ដើម្បីបង្កើតចេញជាបណ្តាញចែកចាយសេវា​អ៊ីនធើណែតពីទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

ខណៈលោក Rajeev Badyal ដែលជាអតីតនាយករងទទួលបន្ទុកផ្នែកផ្កាយរណបរបស់ SpaceX និងសមាជិកមួយចំនួនទៀត​មក​ពីក្រុមការងាររបស់លោក ឥឡូវនេះកំពុងតែដឹកនាំគម្រោង Project Kuiper របស់ Amazon ផែនការបង្កើត​បណ្តាញផ្កាយរណប​អ៊ីនធើណែតរបស់ក្រុមហ៊ុនទាំងពីរទំនងកាន់តែមានលក្ខណៈស្រដៀងគ្នាខ្លាំងឡើង។

គម្រោង Project Kuiper របស់ Amazon គឺមានគោលដៅបង្ហោះផ្កាយរណបខ្នាតតូចចំនួន៣,២៣៦គ្រឿងឡើងទៅកាន់ទីអវកាស ដើម្បីផ្តល់សេវាអ៊ីនធើណែតល្បឿនលឿននៅជុំវិញពិភពលោក។ យ៉ាងហោចណាស់ ក្រុមហ៊ុន០៥ផ្សេងទៀត ក៏កំពុងតែមានគោល​ដៅស្រដៀងគ្នាផងដែរ ក្នុងនោះរួមមានទាំងគម្រោង Starlink របស់ SpaceX។

លោក Badyal ធ្លាប់ដឹកនាំផ្នែកបណ្តាញផ្កាយរណបនៅក្រុមហ៊ុន SpaceX ដែលកន្លងមកនេះ បានបាញ់បង្ហោះផ្កាយរណបសាក​ល្បងចំនួន០២គ្រឿងនៃគម្រោង Starlink ឡើងទៅទីអវកាសកាលពីឆ្នាំមុន។ ពីដំបូងឡើយ ​SpaceX បានគ្រោងបង្កើតបណ្តាញ​មួយដែលមានផ្កាយរណប៤,៤២៥គ្រឿងនៅគន្លងកម្រិតទាបរបស់ផែនដី (LEO) តែអំឡុងចុងឆ្នាំមុន SpaceX ទទួលបានការអនុ​ញ្ញាតឲ្យបន្ថែម៧,៥១៨គ្រឿងទៀតទៅក្នុងគម្រោងនេះ ដែលធ្វើឲ្យចំនួនផ្កាយរណបសរុបនៃបណ្តាញ Starlink នឹងកើន​ដល់​ជិត​១២,០០០គ្រឿង។

គួរជម្រាបថា លោក Badyal ត្រូវបានមេក្រុមហ៊ុន SpaceX លោក Elon Musk បញ្ឈប់ពីតួនាទីកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយ​សារតែលោក Musk ទំនងជាមិនពេញចិត្តចំពោះវឌ្ឍនភាពយឺតយ៉ាវនៃការអភិវឌ្ឍគម្រោង Starlink៕