​(ទុយនីស៊ី)៖​ ប្រធានាធិបតីទុយនីស៊ី លោក Beji Caid Essebsi បានប្រកាសថាលោកគ្មានគម្រោងចូលរួមឈរ ឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអណត្តិថ្មីខាងមុខនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។

លោក Essebsi ដែលមានអាយុ៩២ឆ្នាំទៅហើយនោះ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចប្រជុំនៃគណបក្សដឹកនាំ រដ្ឋាភិបាល Nidaa Tounes របស់លោក។ លោកបន្ថែមថាបើទោះជាមានការអំពាវនាវឱ្យបន្តឈរឈ្មោះនៅអណត្តិ ក្រោយក៏ដោយ ក៏លោកបានសម្រេចចិត្តហើយថានឹងមិនចូលរួមប្រកួតប្រជែងឡើយ ដោយចង់ទុកឱកាសឱ្យយុវជន ជំនាន់ក្រោយដឹកនាំប្រទេសវិញម្ដង។ ការបោះឆ្នោតប្រធានាធិបតីទុយនីស៊ី នៅអណតិ្តក្រោយគ្រោងនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

គួរបញ្ជាក់ថា លោក Beji Caid Essebsi បានជាប់ឆ្នោតជាប្រធានាធិបតីទុយនីស៊ីចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់ពី អតីតប្រធានាធិបតី លោក Zine el-Abedine Ben Ali ត្រូវបានទម្លាក់ចេញពីអំណាច ក្រោយកាន់តំណែងអស់ជាង ២៣ឆ្នាំ​ នៅអំឡុងបដិវត្តន៍អារ៉ាប់នៅឆ្នាំ២០១១៕