(វ៉ាស៊ីនតោន)៖ តំបន់មួយសម្បូរទៅដោយអគារជាច្រើនស្ថិតនៅជាយទីក្រុងរីយ៉ាដ ចាប់ផ្ដើមប្រែក្លាយទៅជាទីតាំង រោងចក្រថាមពលនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស នៅក្នុងបរិបទដែលសភាអាមេរិក រួមទាំងអ៊ីរ៉ង់សុទ្ធតែកំពុងព្រួយបារម្ភ ខ្លាចក្រែងអារ៉ាប៊ីសាអូឌីតប្រើប្រាស់វាដើម្បីផលិតអាវុធនុយក្លេអ៊ែរនៅថ្ងៃណាមួយ។ ប៉ុន្តែ ទីក្រុងរីយ៉ាដធ្លាប់បាន អះអាងជាច្រើនដងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមានគោលដៅតែទៅលើវិស័យថាមពលស៊ីវិលតែប៉ុណ្ណោះ។

*បើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតក៏ត្រូវតែមានដូចគ្នាដែរ

កម្មវិធីថាមពលរោងចក្រនុយក្លេអ៊ែរគឺជាផែនការដ៏មានមហិច្ឆិតាមួយនៃយុទ្ធសាស្ត្រទស្សនវិស័យឆ្នាំ២០៣០របស់ ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ដែលមិនចង់ឃើញអារ៉ាប៊ីសាអូឌីតពឹងផ្អែកតែទៅលើប្រេងតែ មួយមុខ។ ដោយឡែក បើតាមអតីតប្រធានអធិការកិច្ចនុយក្លេអ៊ែរនៃទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច (IAEA) លោក Robert Kelley រ៉េអាក់ទ័រនុយក្លេអ៊ែរអាចនឹងត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលពី០៩ខែ រហូតដល់ មួយឆ្នាំ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺទាំងសភាអាមេរិក និងអ៊ីរ៉ង់សុទ្ធតែព្រួយបារម្ភថាអារ៉ាប៊ីសាអូឌីតអាចនឹងផលិត អាវុធនុយក្លេអ៊ែរនៅថ្ងៃណាមួយ។ ជាក់ស្ដែង សូម្បីតែព្រះអង្គម្ចាស់ប៊ិន សាល់ម៉ានផ្ទាល់ក៏ធ្លាប់បានអះអាងកាលពី ឆ្នាំ២០១៨ ដែរថាវាគ្មានអ្វីត្រូវសង្ស័យទៀតទេ បើសិនជាអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតនឹងផលិតអាវុធ នុយក្លេអ៊ែរឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

*ហេតុអ្វីបានជាសភាអាមេរិកព្រួយបារម្ភ?

សមាជិកសភាអាមេរិកភាគច្រើននាំគ្នាព្រួយបារម្ភថាតើអារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តបានដែរឬទេ ចាប់តាំងពីអ្នកកាសែត Jamal Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាឌីត ប្រចាំទីក្រុង អ៊ីស្ដង់ប៊ូល ប្រទេសតួកគីត្រូវបានគេសម្លាប់កាលពីឆ្នាំ២០១៨។ នេះហើយគឺជាហេតុផលមួយដែលសភាអាមេរិក ជំទាស់នឹងការផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរអាមេរិកទៅឱ្យអារ៉ាប៊ីសាអូឌីត។ ម្យ៉ាងវិញទៀត បើតាមអ្នកជំនាញជាច្រើន កម្មវិធីនុយក្លេអ៊ែររបស់អារ៉ាប៊ីសាអូឌីតអាចនឹងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំង ពីព្រោះ អ៊ីរ៉ង់មុខជានឹងប្រឹងផលិតអាវុធនុយក្លេអ៊ែរដែរ ហើយបណ្ដាប្រទេសដទៃនៅក្នុងតំបន់ដូចជាកាតា ជាដើមអាចនឹង យកគំរូតាមក៏ថាបាន។

គួរបញ្ជាក់ថា បច្ចុប្បន្ន ការផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរឱ្យអារ៉ាប៊ីសាអូឌីត កំពុងស្ថិតក្នុងដំណាក់កាលជជែកដេញ ដោលនៅ​ឯសភាអាមេរិក ដែលបានធ្វើបទបង្ហាញពីដំណោះស្រាយមួយកាលពីខែកុម្ភៈកន្លងទៅ ជាមួយការស្នើ ឡើងថារាល់ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវតែធានាឱ្យបានថា ទីក្រុងរីយ៉ាដនឹងមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ តែទន្ទឹមគ្នា ក្រុមមន្ត្រី អាមេរិកបានព្រមានថាបើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមសហការជាមួយអារ៉ាប៊ីសាអូឌីតទេ នោះពួកគេអាចនឹង ងាកទៅរករុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍឧស្សហកម្មនុយក្លេអ៊ែរ៕

ប្រភព៖ CNN​ (ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩)