(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាមេរិក Amazon គ្រោងនឹងបាញ់ផ្កាយរណបរាប់ពាន់គ្រឿង ឡើងទៅទីអវកាស ដើម្បីបង្កើតបណ្តាញផ្តល់ សេវាអ៊ីនធើណែតល្បឿនលឿន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

Amazon បានលើកឡើងថា គម្រោងខាងលើគឺជាផែនការមានចក្ខុវិស័យវែងឆ្ងាយមួយ ដែលនឹងបម្រើដល់មនុស្សរាប់សិបលាននាក់នៅលើផែនដី ដែលបច្ចុប្បន្នពុំមានឱកាស ទទួលបានការប្រើប្រាស់សេវាអ៊ីនធើណែត។ គម្រោងនេះមានឈ្មោះថា Kuiper និងស្តីពីការបាញ់បញ្ជូនផ្កាយរណបសរុបទាំងអស់ចំនួន ៣,២៣៦គ្រឿង ឡើងទៅកាន់គន្លងកម្រិតទាបរបស់ផែនដី (LEO)។

ក្នុងនោះផ្កាយរណប ៧៨៤គ្រឿង នឹងស្ថិតនៅរយៈកម្ពស់ ៥៩០គីឡូម៉ែត្រ ១,២៩៦គ្រឿងនៅកម្ពស់ ៦១០គីឡូម៉ែត្រ និង ១,១៥៦គ្រឿង ទៀតនៅរយៈកម្ពស់ ៦៣០គីឡូម៉ែត្រពីផ្ទៃផែនដី។ ផ្កាយរណបរាប់ពាន់គ្រឿងនេះ ត្រូវគេរំពឹងថា នឹងអាចផ្តល់សេវាគ្របដណ្តប់បានស្ទើរតែពាសពេញផែនដី ឬស្មើនឹងជាង ៩០ភាគរយនៃចំនួនប្រជាជនទាំងអស់ នៅលើពិភពលោកយើងនេះរស់នៅ។

គួរជម្រាបថា Amazon គឺជាក្រុមហ៊ុនឯកជនចុងក្រោយគេហើយ ដែលបានចូលរួមក្នុងការប្រកួតប្រជែងផ្តល់សេវាអ៊ីនធើណែត តាមរយៈការបង្កើត បណ្តាញផ្កាយរណបមួយ នៅកន្លែង LEO របស់ផែនដី បន្ទាប់ពី SpaceX, OneWeb, និង Telesat ប៉ុន្តែ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដែលធំជាងគេបង្អស់នេះ ពុំបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការចាប់ផ្តើមគម្រោងប្រកប ដោយមហិច្ឆតានេះនៅឡើយទេ ខណៈ SpaceX បានបញ្ជូនផ្កាយរណបសាកល្បង ០២គ្រឿងរួចហើយ ឡើងទៅកាន់ទីអវកាស ហើយគម្រោងបណ្តាញផ្កាយរណប បម្រើសេវាអ៊ីនធើណែតរបស់ SpaceX ត្រូវគេរំពឹងថា នឹងកើនឡើងដល់ទៅ ១២,០០០គ្រឿងឯណោះ៕