(វ៉ាស៊ីនតោន)៖ ក្រោយជំនួបកំពូងរវាងលោក ដូណាល់ ត្រាំង និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម ត្រូវបានចាប់បញ្ចប់ទៅដោយភាពបរាជ័យនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលជាមន្ត្រីសកម្មបំផុត​នៅក្នុងការសម្របសម្រួលឲ្យមានជំនួបនេះបានលើកឡើងថា លោកចង់ឲ្យជំនួបកំពូលលើកទីបី រវាងមេដឹកនាំកំពូលទាំងពីរ កើតឡើងក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

បើតាមប្រភពពីសេតវិមានអាមេរិក ទោះបីជាកិច្ចប្រជុំនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ​កន្លងទៅនេះទទួលបានភាពបរាជ័យមែន ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែមិនបោះបង់ចោលក្តីសង្ឃឹម ក្នុងការរៀបចំជំនួបកំពូលម្តងទៀតនោះដែរ គ្រាន់តែវាត្រូវការពេលវេលាបន្ថែមទៀតប៉ុណ្ណោះ។ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៉ុមប៉េអូ បានបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តថា ប្រធានាធិបតីអាមេរិក និងមេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ននេះ នឹងអាចរៀបចំកិច្ចប្រជុំកំពូលលើកទី ៣ ក្នុងពេលឆាប់ៗនាប៉ុន្មានខែ​ខាងមុខនេះ ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង...»

គួរបញ្ជាក់ថា ជំនួបកំពូលលើកទី ១ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានកើតឡើងនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយកាលណោះ​មេដឹកនាំទាំងពីរបានសន្យាធ្វើរឿងជាច្រើន ដើម្បីបន្ធូរបន្ថយភាពតានតឹងនឹងគ្នា និងចាប់ផ្តើមដណើរការឈានទៅរក ការរំសាយអាវុធ​នុយក្លេអ៊ែទាំងស្រុង​នៅឧបទ្វីបកូរ៉េ។

ប៉ុន្តែនាប៉ុន្មានរយៈពេលបន្ទាប់ទៀត បញ្ហានៅតែចោទឡើងដដែលជាដដែលលអំពី​ភាពប្រាកដនិយមនៃការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈភាគីទាំងពីរហាក់ចង់បាន​ការបោះមួយជំហ៊ានមុនដូចៗគ្នា នោះគឺការរំសាយនុយក្លេអ៊ែរសិន ទើបអាចដកទណ្ឌកម្ម និង​ដកទណ្ឌកម្មសិន ទើបអាចរំសាយនុយក្លេអ៊ែរ។ ហេតុដូច្នេះទើបឈានដល់កិច្ចប្រជុំកំពូលលើកទី ២ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កិច្ចពិភាក្សាបានលេចចេញនូវសញ្ញាខ្វែងគ្នាតែម្តង ហើយនៅទីបំផុតជំនួបកំពូលលើកទី ២ បានទទួលបរាជ័យ និងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់៕