(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ការជ្រើសរើសប្រើយោធាដើម្បីដោះស្រាយវិបត្តិ​វេណេស៊ុយអេឡា កំពុងតែត្រូវបានពិចារណាយ៉ាងល្អិតល្អន់បំផុត ដោយរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហានៅពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើនេះ បានសង្កត់ធ្ងន់នៅថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) សប្តាហ៍នេះយ៉ាងដូច្នេះថា «និយាយដោយត្រង់តែម្តង យោធាក៏ជាជម្រើសមួយដែររបស់​លោក ត្រាំ ដែលបានគិតគូរដាក់នៅលើតុជាស្រេច និងកំពុងស្ថិតនៅលើតុនោះដដែល...។ វាពិតជា​ជម្រើសមួយ​ដ៏ហ្មត់ចត់បំផុត ប៉ុន្តែយើងប្រាកដណាស់ថា គ្មាននរណាមួយចង់ឃើញនោះឡើយ ប៉ុន្តែវាក៏ជាជម្រើសនៅពេលដែលស្ថានការណ៍វិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ...»។

គួរបញ្ជាក់ថា មុននឹងបង្ហាញអំពីជម្រើសយោធា ដែលអាចនឹងត្រូវប្រើប្រាស់​ដើម្បីដោះវិបត្តិ​របស់ប្រទេសវេណេស៊ុយអេឡានោះ សហរដ្ឋអាមេរិកក៏ទើបព្រលែងទណ្ឌកម្មក្តៅៗ ទៅលើ​ក្រុមនាវាចំនួន ៣៤គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ផងដែរ ខណៈដែលក្រុមហ៊ុននេះបានបន្តរកស៊ីប្រេងជាមួយប្រទេសគុយបា ដែលជាទង្វើប្រឆាំង​នឹង​ទណ្ឌកម្មពីមុនរបស់សហរដ្ឋអាមេរិក។ អាមេរិកក៏បានអះអាងផងដែរថា ការដាក់ទណ្ឌកម្ម​បន្ថែមនេះ គឺធ្វើឡើងទៅតាមសំណូមពររបស់សភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយ​ក្រុមប្រឆាំងមានលោក ហ្ស៊ាន ហ្គៃដូ ជាមេដឹកនាំ។

ដោយឡែកងាកទៅមើលស្ថានការណ៍នៅក្នុងប្រទេសវេណេស៊ុយអេឡាវិញ នៅថ្ងៃសៅរ៍​សប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ក្រុមគាំទ្រមេបក្សប្រឆាំងលោក ហ្គៃដូ និងក្រុម​គាំទ្ររដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងរៀបចំក្បួនតវ៉ាប្រឆាំងគ្នាទៅវិញទៅមកយ៉ាងធំ​មហិមា ហើយបណ្តាប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិក នៅមុននេះក៏បានប្រកាសឲ្យពលរដ្ឋ​ខ្លួនចាកចេញពីប្រទេសវេណេស៊ុយអេឡា ឬក៏គេចឲ្យឆ្ងាយពីកន្លែងដែលមានការតវ៉ាផ្ទុះឡើង៕