(សាន់ហ្រ្វាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ Boeing លោក Dennis Muilenburg បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងគ្រោង​នឹង​កាត់​បន្ថយសន្ទុះការផលិតប្រចាំខែនៃយន្តហោះ 737 MAX ដោយចាប់ផ្តើមពីខែនេះតទៅ ដើម្បីផ្តោតការប្រើប្រាស់​ធនធានទៅលើ​កិច្ច​ប្រឹងប្រែងធ្វើយ៉ាងណាឲ្យ 737 MAX ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការបញ្ឈរជើងនៅទូទាំងពិភពលោក អាចវិលត្រឡប់ទៅហោះ​លើផ្ទៃអាកាសវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

លោក Muilenburg បាននិយាយដូច្នេះថា «ពួកយើងកំពុងតែរៀបចំធ្វើការសម្របសម្រួលជាបណ្តោះអាសន្ននូវសន្ទុះនៃការផលិត 737 MAX នៅចំពោះមុខការផ្អាកប្រគល់យន្តហោះនេះទៅឲ្យអតិថិជន ដោយវាអនុញ្ញាតឲ្យយើងបង្វែរការប្រើប្រាស់​ធន​ធាន​​ទៅ​​ផ្តោតលើ​ការផ្ទៀងផ្ទាត់ក៏ដូចជាធ្វើឲ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងការហោះហើររបស់យន្តហោះ ហើយអាចឲ្យ 737 MAX ចាប់ផ្តើម​ធ្វើប្រតិបត្តិការ​សា​ជាថ្មីឡើង​វិញ​បាន​។ យើងបានសម្រេចកាត់បន្ថយអត្រានៃការផលិតពី៥២គ្រឿងក្នុងមួយខែ មកត្រឹម៤២គ្រឿង​វិញ ដោយចាប់ផ្តើមពីពាក់កណ្តាលខែមេសានេះតទៅ»។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Muilenburg បានចេញមុខសុំទោសពិភពលោក និងបានទទួលស្គាល់ជាលើកដំបូងថា កំហុស​ឆ្គងលើការវិភាគទិន្នន័យនៃប្រព័ន្ធរបស់យន្តហោះ មានជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យយន្តហោះ 737 MAX 8 សរុបពីរគ្រឿង​ធ្លាក់ ដោយ​មួយគ្រឿងនៅឥណ្ឌូណេស៊ីកាលពីខែតុលាឆ្នាំមុន និងមួយគ្រឿងទៀតនៅអេត្យូពី កាលពីខែមីនា។ ហេតុការណ៍ធ្លាក់យន្តហោះ​ទាំងពីរករណី បានផ្តាច់ជីវិតមនុស្សសរុប៣៤៦នាក់។ លោកនាយកប្រតិបត្តិ Boeing ក៏បានប្តេជ្ញាផងដែរថា នឹងខិតខំធ្វើការ​កែ​សម្រួល​​ប្រព័ន្ធហោះហើររបស់យន្តហោះ 737 MAX ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងជាថ្មីម្តងទៀត៕