(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តប្រកាសអាសន្នថ្នាក់ជាតិ ឆ្លើយតបទៅនឹងភ្លើងឆេះ ដ៏សម្បើមមួយដែលបានផ្ដាច់ជីវិតមនុស្សម្នាក់ និងច្រើនជាង ៤,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ ដើម្បីពន្លត់ភ្លើងឆេះព្រៃនេះយោធារាប់ពាន់នាក់ត្រូវបានបញ្ជូន ឱ្យទៅជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីទូទាំងប្រទេស ដែលកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង នៅឯតំបន់ជួរភ្នំភាគឦសាននៃប្រទេសស្ថិត នៅក្បែរព្រំដែនជាប់កូរ៉េខាងជើង។ បន្ថែមពីលើនេះ បើតាមអាជ្ញាធរនៅក្នុងតំបន់ ភ្លើងព្រៃសំខាន់ស្ថិតនៅក្រោមការគ្រប់គ្រង តែភ្លើងមួយចំនួនទៀតនៅតែបន្តឆាបឆេះ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើ ត្រូវបានគេជឿជាក់កើតចេញដំបូងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពីផ្កាភ្លើងចេញពីរោងចក្រកៃច្នៃមួយកន្លែងស្ថិតនៅតំបន់ ហ្គោសឿង (Goseong) នៃខេត្ត ហ្គាងវ៉ុន (Gangwon) ភាគឦសានប្រទេស។ រីឯរថយន្ដ និងឧបករណ៍ពន្លត់អគ្គិភ័យ ៨០០គ្រឿង យោធា ១៦,៥០០នាក់ និងឧទ្ធម្ភាគចក្រយោធា ៣២គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់យោធា ២៦គ្រឿង ក៏បានចូលរួមក្នុងប្រតិបតិការពន្លត់អគ្គីភ័យដ៏ខ្លាំងក្លានេះដែរ៕