រកឃើញពន្លឺតិចៗក្នុងការចរចា ដោះស្រាយវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន (Video inside)
05-04-2019 16:22
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានរកឃើញចំណុចរួម មួយចំនួននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ជាមួយការរំពឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង នៅពេលវេលាដ៏សាកសមណាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅឯសេតវិមានមុននឹងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ (Liu He)។ ស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «វានឹងក្លាយជាកិច្ចព្រមព្រៀង ដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្របើវាកើតឡើងមែននោះ ហើយយើងទំាងអស់គ្នានឹងបានឃើញ ព្រោះវាមានឱកាសច្រើនដែលនឹងអាចកើតឡើង»។ ប៉ុន្តែទន្ទឹមគ្នាលោក ត្រាំ នៅតែអះអាងដដែលថា នៅមានចំណុចខ្លះទៀតដែលភាគីទាំង ២ នៅតែខ្វែងគំនិតគ្នានៅឡើយ។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ កិច្ចព្រមព្រៀងដែលលោកបាននិយាយ អាចនឹងកើតមានឡើងនៅ ០៤សប្ដាហ៍ខាងមុខទៀតនេះ បន្ទាប់ពីភាគីទាំង ២ បានជួបចរចាគ្នាតាំងតែពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ដើម្បីបញ្ចប់ សង្រ្គាមពាណិជ្ជកម្ម ដែលកំពុងបង្កការផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយក្រោយពីភាគីទាំងពីរ ចិន និងអាមេរិក បានចុះកិច្ចព្រមព្រៀងផ្អាកជម្លោះនៅក្នុងកិច្ចប្រជុំ G20 ចុងឆ្នាំ២០១៨ នាប្រទេសអាហ្សង់ទីននោះ ស្ថានការណ៍វិវាទពាណិជ្ជកម្មបានស្ងប់ស្ងាត់ និងរង់ចាំមន្ត្រីតំណាងប្រទេសទាំងពីរ ធ្វើការចរចាដោះស្រាយបញ្ហា៕