(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីថៃលោក ប្រាវីត វង់ស៊ូវ៉ុន (Prawit Wongsuwon) បានចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ធ្វើការចោទប្រកាន់អ្នកបើកបរលឿនលើសល្បឿនកំណត់ និង ក្រោមជាតិស្រវឹងទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ឲ្យមានមនុស្សស្លាប់ ក្នុងអំឡុងបុណ្យសង្រ្កានចូលឆ្នាំថ្មី «ពីបទមនុស្សឃាតតែ ម្តង» ដែលនេះជាសារព្រមានមួយ​ចំពោះមុខថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

លោក Prawit បាននិយាយដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភថា ការបើកបរទាំងស្រវឹង និងលឿនៗអាចសម្លាប់ជីវិតអ្នកដទៃទៀតដែលមិនដឹងអី។ ពួកយើងត្រូវតែព្យាយាម​កាត់បន្ថយចំនួនមនុស្សស្លាប់ ដែលបង្កឡើងពីកត្តាទាំងនេះ។ ដូច្នេះហើយ អ្នកណាដែលបំពានល្បឿនកំណត់ និងបើកបរក្រោមសារធាតុស្រវឹង ហើយបណ្តាលឲ្យមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតអ្នកដទៃ នឹងត្រូវ ប្រឈមមុខពីបទចោទប្រកាន់មនុស្សឃាត»។

គួរជម្រាបថា ទោះបីជាអាជ្ញាធរបានចេញចំណាត់ការផ្សេងៗ សំដៅរក្សាសុវត្ថិភាព នៃការធ្វើចរាចរណ៍លើផ្លូវថ្នល់ សម្រាប់បុណ្យសង្រ្កានចូលឆ្នាំថ្មី កាលពីខែមេសា ឆ្នាំមុនក៏ដោយក្តី ក៏គ្រោះថ្នាក់ចរាចរណ៍ដល់ទៅប្រមាណ ៣,៧២៤ករណី នៅតែបានកើតមានឡើង ហើយបានបណ្តាលឲ្យមនុស្សស្លាប់ ៤១៨នាក់, របួស ៣,៨៩៧នាក់ ដែលនេះជាតួលេខគួរឲ្យព្រួយបារម្ភបំផុត នៅក្នុងសង្គមថៃ។ ភាគច្រើននៃគ្រោះថ្នាក់​ចរាចរណ៍ទាំងអស់ ត្រូវបានបង្កឡើងដោយសារតែការបើកបរលឿនៗ និងការបើកបរទាំងស្រវឹង៕