(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិរបស់ Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) នាថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក បានសម្តែងការសូមទោសក៏ដូចជា សោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងករណីធ្លាក់ចំនួនពីរ នៃយន្តហោះស៊េរីថ្មីរបស់ខ្លួន 737 MAX 8 ហើយលោកក៏បានទទួលស្គាល់​ជាលើកដំបូងផងដែរថា បញ្ហាកំហុសឆ្គងនៃការវិភាគទិន្នន័យដោយស្វ័យប្រវត្តិ មានជាប់ពាក់ព័ន្ធនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

«យើងទាំងអស់គ្នានៅក្រុមហ៊ុន Boeing សូមសម្តែងការទោស និងមានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស នៅក្នុងករណីធ្លាក់យន្តហោះ 737 MAX 8 កន្លងទៅនេះ ហើយពួកយើងកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើការធានាសុវត្ថិភាព ដើម្បីទប់ស្កាត់កុំឲ្យមានសោកនាដកម្មបែបនេះ កើតឡើងបានជាថ្មីម្តងទៀត»។ លោក Muilenburg បាននិយាយបែបនេះ បន្ទាប់ពីអាជ្ញាធរប្រទេសអេត្យូពី បានបញ្ចេញរបាយការណ៍បឋម នៃការស៊ើបអង្កេតជុំវិញករណីធ្លាក់យន្តជើងហោះហើរ ET 302 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី Ethiopian Airlines។

យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅក្បែររដ្ឋធានីប្រទេសអេត្យូពី ហើយបានផ្តាច់ ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ដែលជិះនៅលើនោះកាលពីថ្ងៃទី១០ ខែមីនា ហើយវាគឺជាស៊េរីយន្តហោះដូចគ្នាទៅនឹង យន្តហោះជើងហោះហើរ Flight 610 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីខែតុលា ឆ្នាំ២០១៨។ សោកនាដកម្មទាំងពីរលើកនេះ បានសម្លាប់ជីវិតមនុស្សសរុបទាំងអស់ដល់ទៅ ៣៤៦នាក់។

ដោយយោងទៅតាមរបាយការណ៍បឋម នៃការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅអេត្យូពីរ លោក Muilenburg បាននិយាយថា នៅក្នុងអំឡុងជើងហោះហើរនៃយន្តហោះទាំងពីរ ប្រព័ន្ធ anti-stall system (ប្រព័ន្ធចល័តប្តូរទិសស្វ័យប្រវត្តិ) ដែលគេហៅថា MCAS បានដំណើរការ ដោយសារតែការអានទិន្នន័យខុស ពីប្រព័ន្ធស្ទាបស្ទង់មុំនៃទិសខ្យល់បក់ angle-of-attack ដែលអាចត្រូវបានខូចដោយសារកត្តាខាងក្រៅ (វត្ថុផ្សេងបុក ឬសត្វបក្សីបុក)។

របាយការណ៍ខាងលើបានបង្ហាញថា ពីឡុតរបស់យន្តហោះបានអនុវត្តន៍ត្រឹមត្រូវ តាមវីធីសាស្រ្តនានាដែលផ្តល់ឲ្យដោយ Boeing ប៉ុន្តែនៅតែមិនអាចគ្រប់គ្រង​ការហោះហើរបានដដែល ហើយរដ្ឋមន្រ្តីដឹកជញ្ជូនអេត្យូពីបានលើកឡើងថា បញ្ហាគឺមកពីប្រព័ន្ធគ្រប់ គ្រងការហោះហើរនេះរបស់យន្តហោះតែម្តង។ នៅពេលដំណើរការប្រព័ន្ធស្វ័យប្រវត្តិ MCAS ជួយជំរុញយន្តហោះបន្ទាបក្បាលចុះក្រោម ដើម្បីឲ្យត្រឹមត្រូវតាមទិសកម្លាំងខ្យល់បក់ និងកុំឲ្យយន្តហោះគាំងដំណើរនាគ្រានោះ។

លោក Muilenburg បានបញ្ជាក់ថា Boeing នឹងចាត់វិធានការផ្សេងៗដែលចាំបាច់ ដើម្បីទប់ស្កាត់ហានិភ័យនានា ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ រួមទាំងការដំណើរការខុសនៃប្រព័ន្ធ MCAS។ Boeing បានឲ្យដឹងទៀតថា ខ្លួនគ្រោងនឹងដាក់ ចេញការអាប់ដេត software សម្រាប់ប្រព័ន្ធ MCAS រួមជាមួយវគ្គបំពាក់បំប៉នគ្រប់ជ្រុងជ្រោយ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលបន្ថែម សម្រាប់ពីឡុតយន្តហោះ 737 MAX 8 នៅទូទាំងពិភពលោក។ បើតាម Boeing ការអាប់ដេត software នេះ នឹងផ្តល់ស្រទាប់ការពារបន្ថែម ទប់ស្កាត់ការអានទិន្នន័យខុស ដែលអាចធ្វើឲ្យប្រព័ន្ធ MCAS ដំណើរការខ្លួនឯង ហើយអនុញ្ញាតឲ្យពីឡុតបិទប្រព័ន្ធ MCAS ប្រកបដោយប្រសិទ្ធភាព ដើម្បី គ្រប់គ្រងយន្តហោះដោយដៃផ្ទាល់វិញ។

គួរជម្រាបថា ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីរបស់អាមេរិក Boeing បានស្ថិតក្រោមសម្ពាធជាខ្លាំង ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាពហោះហើរនៃយន្តហោះ 737 MAX 8 របស់ខ្លួន ក្រោយការធ្លាក់យន្តហោះនេះនៅឥណ្ឌូណេស៊ី និងនៅអេត្យូពី។ បន្ទាប់ពីករណីធ្លាក់នៅអេត្យូពី យន្តហោះ 737 MAX 8 ត្រូវបានបញ្ឈរជើងចោលជាបណ្តោះអាសន្ននៅជុំវិញពិភពលោក ហើយអ្នកដែលរងសម្ពាធធ្ងន់ធ្ងរបំផុតនោះ គឺក្រុមហ៊ុន Boeing ដែលហាក់យឺតយ៉ាវក្នុងការ​ផ្តល់ចម្លើយជុំវិញប្រព័ន្ធសុវត្ថិភាពនៃយន្តហោះប្រភេទថ្មី ដែលលក់ដាច់បំផុតរបស់ខ្លួននេះ៕