(អង់ការ៉ា)៖ គ្រឿងបរិក្ខាមួយចំនួន នៃប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 នឹងត្រូវចាប់ផ្តើមប្រគល់មកដល់ដៃតួកគី នៅខែមិថុនាខាងមុខដូចការគ្រោងទុកពីមុនមក ដោយគ្មានសញ្ញាថានឹងត្រូវបង្អាក់ ដោយសារតែការគម្រាមផងលួងផង ពីសំណាក់សហរដ្ឋអាមមេរិកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីម្នាក់នៃក្រសួងការពារជាតិតួកគីបានបង្ហើបឲ្យដឹងថា «ផ្នែកដំបូងៗនៃប្រព័ន្ធ S-400 នឹងមកដល់តួកគីនៅខែមិថុនា និងដំណើរ ការប្រគល់នេះនឹងចប់ជាស្ថាពរនៅខែកក្កដា»។ កាលពីថ្ងៃពុធអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានព្រមានតួកគីជាថ្មីម្តងទៀត ជុំវិញការទិញប្រព័ន្ធសព្វាវុធនេះ ពីប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងអង់ការ៉ានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ដដែល ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង ដែលប្រៀបដីដូចអង្ករក្លាយជាបាយទៅហើយជាមួយរុស្ស៊ី។

គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៧ តួកគីបានសម្រេចជាស្ថាពរ នូវកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ស្តីពីការទិញប្រព័ន្ធមីស៊ីល S-400។ ទន្ទឹមគ្នានេះ តួកគីក៏គ្រោងទិញយន្តហោះចម្បាំង F-35 ចំនួន ១០០គ្រឿងពីសហរដ្ឋអាមេរិកផងដែរ ហើយក្រុមពីឡុតតួកគីកំពុងទទួលការហ្វឹកហាត់ អំពីយន្តហោះចម្បាំងជំនាន់ថ្មីនេះ នៅឯមូលដ្ឋានទ័ពអាកាស លូក (Luke) នៅរដ្ឋអារីហ្សូណារបស់សហរដ្ឋអាមេរិកអាមេរិក៕