(ដាម៉ាស់)៖ ជុំវិញភាពតានតឹងនៃតំបន់ Golan Heights ជាមួយប្រទេសអ៊ីស្រាអែល ដែលបានកើនឡើងកម្តៅក្រោយអាមេរិក បានបចេញមុខទទួលស្គាល់ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ស៊ីរីបានបញ្ជាក់ថាខ្លួននឹងមិនលុបចោលជម្រើសនៃការប្រើប្រាស់យោធា ដើម្បីដោះស្រាយបញ្ហានៃតំបន់វិវាទនេះឡើយ ក៏ប៉ុន្តែនាពេលបច្ចុប្បន្នគឺត្រូវផ្តោតសំខាន់តែទៅលើការកម្ចាត់ក្រុមភេរវករ នៅក្នុងប្រទេសសិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃព្រហស្បតិ៍នេះ ជាមួយប្រមុខការទូតវេណេស៊ុយអេឡា លោក Jorge Arreaza លោក Walid Muallem ដែលជារដ្ឋមន្រ្តីការបរទេសស៊ីរីបានលើកឡើងថា «នៅពេលដែលយើងនិយាយអំពីជម្រើសទាំងអស់ យើងក៏ចង់សំដៅទៅលើ ជម្រើសនៃការប្រើកម្លាំងយោធាផងដែរ គឺយើងមិនលុបចោលឡើយ ប៉ុន្តែបច្ចុប្បន្នស៊ីរីគឺផ្តោតអាទិភាពទៅលើការរំដោះទឹកដីឲ្យបានទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវករ»

គួរជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល។ តំបន់ Golan Heights ស្ទើរតែទាំងអស់បានស្ថិតក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ចាប់តាំងតែពីប្រទេសនេះបានដណ្តើមកាន់កាប់វាពីស៊ីរី ក្នុងអំឡុងសង្រ្គាមរយៈពេល០៦ថ្ងៃជាមួយបណ្តាប្រទេសអារ៉ាប់ជិតខាង កាលពីឆ្នាំ១៩៦៧។

នៅឆ្នាំ១៩៨១ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ថ្មីមួយ ដើម្បីចាត់បញ្ជូលតំបន់នេះជាដែនដីពេញសិទ្ធិរបស់ខ្លួន ប៉ុន្តែពុំមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិឡើយ។ នៅឆ្នាំ២០១៨ មហាសន្និបាត UN ក៏បានអនុម័តដំណោះស្រាយមួយ ដែលទទូចឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ Golan Heights ជាបន្ទាន់៕