(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកកំពុងគ្រោងរៀបចំ កម្មវិធីធ្វើតេស្តចំនួន ០៥ ទៅលើប្រព័ន្ធសព្វាវុធលឿនជាងសំឡេង នៅប្រជុំកោះម៉ាសាល (Marshall) ភាគកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

បើតាមលោក ចេមស៍ ឌីកគីនសុន (James Dickinson) មេបញ្ជាការនៃទីបញ្ជាការដ្ឋាន កងមីស៊ីលអាមេរិកបានឲ្យដឹងថា បច្ចុប្បន្នមានកម្មវិធីធ្វើតេស្តអាវុធ Hypersonic (មានល្បឿនលឿនជាងសំឡេងជាទូទៅគឺជាប់ពី ០៥ដងឡើងទៅ) ចំនួន០៥ ដែលស្ថិតក្នុងដំណាក់កាលរៀបចំខុសៗគ្នា នៅឯមូលដ្ឋានធ្វើតេស្តមីស៊ីលផ្លោង រ៉ូណាល់ដ៍ រីហ្គេន (Ronald Reagan) ហៅកាត់ថា RTS ដែលស្ថិតក្នុងប្រជុំកោះ Marshall។

គួរជម្រាបថា មូលដ្ឋាន RTS ក៏ផ្តល់ការគាំទ្រដល់ការធ្វើតេស្តសំខាន់ៗ ទាំងសម្រាប់ប្រព័ន្ធមីស៊ីលបែបការពារ និងវាយប្រហារផងដែរ ដែលចាំបាច់សម្រាប់កម្មវិធីដូចជា កម្មវិធីការពារមីស៊ីល GMD និងកម្មវិធីមីស៊ីលផ្លោងរបស់ទ័ពអាកាសអាមេរិកជាដើម៕