(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានធានាថា ភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡានាពេលបច្ចុប្បន្ន នឹងមិនប្រែក្លាយ ទៅជាវិបត្តិតំបន់ ដែនសមុទ្រការីបៀន (Caribbean) សាជាថ្មី ឬក៏អាចធ្វើឱ្យ ប្រជាជាតិអាមេរិកឡាទីនមួយនេះ ក្លាយទៅជាប្រទេសស៊ីរីទី ២ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោក Lavrov ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ម៉ូស្កូវស្កាយ កូមសូម៉ូឡេតស៍ (Moskovsky Komsomolets) នៅក្នុងសប្ដាហ៍នេះ និងចំពេលដែលសហរដ្ឋអាមេរិក បានព្រមានធ្វើអន្តរាគមន៍យោធាក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីផ្ដួលរំលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ជាបន្តបន្ទាប់។

នាឱកាសនោះ ប្រមុខការបរទេសរុស្ស៊ីបានគូសបញ្ជាកយ៉ាងដូច្នេះថា «យើងមិនអាចទទួលយកបានឡើយ ចំពោះវិធីសាស្ត្រដែលអាមេរិកកំពុងអនុវត្ត ដោយយកលេសកែលម្អជីវភាពរបស់ ប្រជាជនវេណេស៊ុយអេឡា... ប៉ុន្តែខ្ញុំសូមធានាថា បើសិនជាសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធា ទៅប្រឆាំងទីក្រុងការ៉ាកាស់ នោះបណ្ដាប្រទេសទាំងអស់មុខជា នឹងចេញមុខជំទាស់ ហើយខ្ញុំគិតថាវិបត្តិតំបន់ Caribbean ក៏មិនផ្ទុះឡើងសាជាថ្មី ឬក៏ធ្វើឱ្យប្រទេសវេណេស៊ុយអេឡាក្លាយទៅជាប្រទេសស៊ីរីទី ២ នោះទេ»

គួរបញ្ជាក់ថា វិបត្តិតំបន់ Caribbean ដែលលោក Sergey Lavrov បានលើកឡើងគឺចង់សំដៅទៅលើវិបត្តិមីស៊ីលនៅគុយបា កាលពីកំឡុងឆ្នាំ១៩៦២ រវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងម៉ូស្គូបានដាក់ពង្រាយ មីស៊ីល-នុយក្លេអ៊ែរ នៅលើទឹកដីគុយបា ជាការឆ្លើយទៅនឹងការដាក់ពង្រាយមីស៊ីលនៅអ៊ីតាលី និងតួកគីពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕