(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ជាថ្មីថា ទីក្រុងម៉ានីលនៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង បើទោះជាប្រទេសទាំង២មានជម្លោះដែនទឹកនឹងគ្នានៅឯតំបន់សមុទ្រចិនខាងត្បូងក៏ដោយ ហើយ ប្រទេសហ្វីលីពីន ដឹងច្បាស់ពីលទ្ធផលបើសិនត្រូវមានសង្គ្រាមជាមួយចិន៕

២៖ ស្ថានីយទូរទស្សន៍ India TV News បានរាយការណ៍ថា កងទ័ពឥណ្ឌាទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំ ការវាយប្រហារ តាមផ្លូវអាកាសសាជាថ្មី ទៅលើទឹកដីប្រទេសប៉ាគីស្ថាន ស្របពេលមានការព្រួយបារម្ភថាជម្លោះរវាង ប្រទេសទាំង២ រាប់ទសវត្សរ៍មកនេះអាចនឹងផ្ទុះឡើងជាថ្មី បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះចម្បាំង គ្នាទៅវិញទៅមក នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ៕

៣៖ ក្រុមហ៊ុនផលិតនាវារបស់ចិន ហ៊ូដុង-ចុងហួ (Hudong-Zhonghua Shipbuilding) និងក្រុមហ៊ុនន័រវែស DNV GL បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការអភិវឌ្ឍ និងសាងសង់រួមគ្នានូវនាវាដឹកឧស្ម័នធម្មជាតិ (LNG) ធំជាងគេបំផុតនៅលើពីភពលោក៕

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា យុទ្ធសាស្រ្តរបស់លោកដែលដាក់សម្ពាធ ឲ្យសមាជិកអង្គការ NATO បង្កើនទំហំកញ្ចប់ថវិកាការពារជាតិរបស់ពួកគេ កំពុងជំរុញឲ្យមានការចំណាយលុយបន្ថែម សរុបរាប់ពាន់លានដុល្លារ ពីសំណាក់ប្រទេសទាំងនោះ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ឡើយ៕

៥៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅតែប្រកាន់ជំហរដដែលថាលោកមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះទេ ខណៈលោកកំពុងប្រឈមមុខនឹងបទចោទជាច្រើនករណីពាក់ព័ន្ធនឹងអំពើពុករលួយនៅ អំឡុងពេលកាន់អំណាច៕

៦៖ សភាធម្មនុញ្ញជាតិវេណេស៊ុយអេឡា (ANC) របស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូបានសម្រេចចជាឯកច្ឆ័នលុបចោល អភ័យឯកសិទ្ធិសភាមេបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ៕