(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីរាយការណ៍ពីកាសែតអាមេរិក The Wall Street Journal ក្រុមពីឡុតនៃយន្តហោះ 737 MAX 8 របស់អាកាសចរណ៍អេត្យូពីរ Ethiopian Airlines ដែលធ្លាក់កាលពីខែមីនា បានព្យាយាមជួយសង្រ្គោះយន្តហោះនោះ ដោយធ្វើតាម របៀបណែនាំសម្រាប់ពេលអាសន្នរបស់ក្រុមហ៊ុន Boeing ប៉ុន្តែជាអកុសលពួកគេនៅតែមិនអាចគ្រប់គ្រង ភាពចលាចលនៃយន្តហោះបានដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Spuntik នៅល្ងាចថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

កន្លងមកនេះកាសែត The Wall Street Journal ក៏បានរាយការណ៍ផងដែរថា យោងតាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស៊ើប អង្កេត ប្រព័ន្ធ anti-stall system របស់យន្តហោះបានដំណើរការ នៅមុនពេលដែលវាធ្លាក់។ ក្រោយករណីធ្លាក់យន្តហោះ 737 MAX 8 នៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន Boeing បានដាក់ចេញនូវរបៀបណែនាំសម្រាប់ពីឡុត ស្តីពីការបិទប្រព័ន្ធស្វ័យប្រវត្តិ anti-stall system នេះ។

គួរជម្រាបថា បន្ទាប់ពីមានករណីធ្លាក់យន្តហោះ Boeing 737 MAX 8 នៅអេត្យូពីរ យន្តហោះស៊េរីថ្មីនេះ ត្រូវបានបញ្ឈរជើងចោលជាបណ្តោះអាសន្ននៅជុំវិញពិភពលោក ដោយសារតែបញ្ហាសុវត្ថិភាពរបស់វា។ ទន្ទឹមគ្នានេះប្រទេសជាច្រើនក៏បានហាមឃាត់មិនឲ្យ Boeing 737 MAX 8 ហោះកាត់ដែនអាកាសរបស់ពួកគេឡើយ ខណៈក្រុមហ៊ុន Boeing ផ្ទាល់ហាក់មិនទាន់មានចម្លើយនោះឡើយ ចំពោះមុខបញ្ហានេះ៕