(ម៉ិចស៊ីកូស៊ីធី)៖ រដ្ឋមន្រ្តីការបរទេសម៉ិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានឲ្យដឹងថា អាជ្ញាធរអាមេរិកពុំបានស្នើឲ្យម៉ិចស៊ីកូ ផ្តល់សិទ្ធិជ្រកកោនដល់​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនយោបាយ​ដ៏តានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡានោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីម៉ិចស៊ីកូស៊ីធី លោក Ebrard បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានទទួលសំណើណាមួយ ឲ្យយើងផ្តល់សិទ្ធិជ្រកកោនដល់លោក ម៉ាឌូរ៉ូ នោះឡើយ។ និយាយដោយត្រង់ទៅ ខ្ញុំពុំដឹងទាល់តែសោះអំពីគម្រោងបែបនេះ។ តែម៉ិចស៊ីកូជឿជាក់ថា វាជារឿងដ៏ចាបាច់ក្នុងការចរចា ទាក់ទង និងបោះជំហានឆ្ពោះទៅរកដំណោះស្រាយមួយ ដែលនឹងទប់ស្កាត់មិនឲ្យមានវិបត្តិមនុស្សជាតិធ្ងន់ធ្ងរ នៅក្នុងប្រទេសវេណេស៊ុយអេឡា»

គួរជម្រាបថា ថ្មីៗនេះមានសេចក្តីរាយការណ៍ព័ត៌មានថា ប្រទេសម៉ិចស៊ីកូអាច​ផ្តល់សិទ្ធិជ្រកកោនដល់លោក ម៉ាឌូរ៉ូ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក​ដែលគាំទ្រលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) មេបក្សប្រឆាំងវេណេស៊ុយអេឡានោះ បានទាក់ទងជាមួយម៉ិចស៊ីកូ អំពីអនាគតរបស់លោក ម៉ាឌូរ៉ូ។ កន្លងមកម៉ិចស៊ីកូបានបញ្ជាក់ជាដដែលៗថា ខ្លួនមិនចង់លូកដៃចូលជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង របស់វេណេស៊ុយអេឡានោះឡើយ៕