(ប៉េកាំង)៖ ក្រុមហ៊ុនផលិតនាវារបស់ចិន ហ៊ូដុង-ចុងហួ (Hudong-Zhonghua Shipbuilding) និងក្រុមហ៊ុនន័រវែស DNV GL បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការអភិវឌ្ឍ និងសាងសង់រួមគ្នានូវនាវាដឹកឧស្ម័នធម្មជាតិ (LNG) ធំជាងគេបំផុតនៅលើពីភពលោក។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃពុធ ក្រុមហ៊ុន Hudong-Zhonghua បានបញ្ជាក់ទៀតថា ការចុះហត្ថលេខានេះ ធ្វើឡើងនាឱកាសបិទបញ្ចប់​សន្និសីទ និងពិព័រណ៍អន្តរជាតិលើកទី ១៩ ស្ដីពីឧស្ម័នធម្មជាតិ (LNG) ក្នុងទីក្រុងសៀងហៃប្រទេសចិន។ ប៉ុន្តែពេលវេលាកំណត់​នៃការសាងសង់នាវាដឹកឧស្ម័ននេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែភាគីទាំង ២ បានព្រមព្រៀងគ្នាលើការរៀបចំឯកសារបច្ចេកទេស លើគម្រោងនេះនៅដំណាច់ឆ្នាំ២០២០​ខាងមុខ។

គួរបញ្ជាក់ថា នាវាដឹកឧស្ម័នខាងលើត្រូវបានគេរំពឹងថា អាចផ្ទុកឧស្ម័ន ២៧០,០០០ម៉ែត្រគូប។ ចំណែកឯបច្ចុប្បន្ននាវាឈ្មោះ ម៉ូហ្សាហ៍ (Mozah) របស់ប្រទេសកាតា ដែលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០៧ គឺជានាវាធំជាងគេបំផុតនៅលើពិភពលោក ដែលអាចដឹក និងផ្ទុកឧស្ម័ន LNG បានរហូតដល់ ២៦៦,០០០ម៉ែត្រគូប៕