(ការ៉ាកាស់)៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសវេណេស៊ុយអេឡា លោក ខាឡូស អាល់វ៉ារ៉ាដូ (Carlos Alvarado) បានឲ្យដឹងថា ទណ្ឌកម្មរបស់អាមេរិកកំពុងតែ ធ្វើឲ្យវេណេស៊ុយអេឡាជួបបញ្ហាខ្វះខាតផ្នែកវេជ្ជសាស្រ្ត ជាពិសេសគឺថ្នាំពេទ្យតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

បើតាមលោក Alvarado ទណ្ឌកម្មគាបសង្កត់លក្ខណៈឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន បានរារាំងមិនឲ្យរដ្ឋាភិបាលវេណេស៊ុយអេឡាទទួលបានបរិក្ខាវេជ្ជសាស្ត្រ និងថ្នាំពេទ្យ ចាំបាច់សំខាន់ៗ បើទោះបីជាទីក្រុងការ៉ាកាស់ បានព្រមព្រៀងទិញពួកវារួចហើយក៏ដោយក្តី ព្រោះថាមិនអាចបង់លុយសម្រាប់របស់ទាំងនោះបាន ដោយក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងវ៉ាក់សាំងគិតតម្លៃ សរុបដល់ទៅ ២០លានដុល្លារទៀតផង។

គួរជម្រាបថា ការទទួលបានបរិក្ខាវេជ្ជសាស្រ្ត និងថ្នាំពេទ្យរបស់ប្រទេសអាមេរិកឡាទីនមួយនេះ បានជួប នូវការដាក់កំហិតចាប់តាំងតែពីឆ្នាំ២០១៤ មកនៅពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបញ្ជាប្រតិបត្តិមួយ ដែលចាត់ទុកវេណេស៊ុយអេឡា ជាការគំរាមកំហែងមិនធម្មតាមួយ ចំពោះសន្តិសុខជាតិអាមេរិក៕