(គូឡាឡាំពួរ)៖ តុលាការជាន់ខ្ពស់ម៉ាឡេស៊ី នឹងបើកសវនាការជំនុំជម្រះសាជាថ្មី ពាក់ព័ន្ធនឹងករណីអំពើពុករលួយដែលត្រូវបានចោទ ប្រកាន់លើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បន្ទាប់ពីសវនាការរបស់លោក ត្រូវបានពន្យារពេលកាលពីលើកមុនៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

សវនាការខាងលើគ្រោងនឹងប្រពឹ្រត្តទៅនៅរសៀលថ្ងៃពុធនេះ ដោយផ្ដោតសំខាន់លើ​បទចោទប្រកាន់ប្រឆាំងនឹងលោក Najib ចំនួន០៧ករណីក្នុងនោះរួមមានទាំង​បទរំលោភលើសេចក្ដីទុកចិត្ត លាងលុយកង្វក់ និងរំលោភលើអំណាចពាក់ព័ន្ធនឹងលុយ ១០.៣លានដុល្លារ ដែលមាននៅក្នុងគណនីធនាគាររបស់​អតីតនាយករដ្ឋមន្ត្រីរូបនេះ។

គួរជម្រាបថា ការកំណត់កាលបរិច្ឆេទនៃសវនាការនៅពេលនេះ កើតមានឡើងបន្ទាប់ពីមានការសម្រេចចិត្តមួយ ពីតុលាការសហព័ន្ធកាលពីសប្ដាហ៍មុន ក្នុងការលុបចោលការពន្យារពេលជំនុំជម្រះ ដែលសាលាឧទ្ធរណ៍ផ្តល់ឱ្យលោក Najib តបតាមបណ្ដឹងរបស់ លោកកាលពីខែកុម្ភៈកន្លងទៅ៕