(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ជាថ្មីថា ទីក្រុងម៉ានីល នៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង បើទោះជាប្រទេសទាំង ២ មានជម្លោះដែនទឹកនឹងគ្នានៅឯតំបន់សមុទ្រចិនខាងត្បូងក៏ដោយ ហើយ​ប្រទេសហ្វីលីពីន​ដឹងច្បាស់ពីលទ្ធផលបើសិនត្រូវមានសង្គ្រាមជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

លោក ឌូតឺតេ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយនាទីក្រុង ម៉ាឡាបុន (Malabon) និងបន្ទាប់ពីយោធាហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក​នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតី ហ្វីលីពីនបានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាខ្ញុំធ្វើសង្រ្គាមជាមួយចិន នោះមីស៊ីលរបស់ពួកគេនឹងហោះមកដល់ ទីក្រុងម៉ានីលក្នុងពេលតែ ៧នាទីប៉ុណ្ណោះ... ប៉ុន្តែរឿងបែបនេះនឹងមិនកើតឡើងឡើយព្រោះខ្ញុំយល់ថា ហ្វីលីពីន និងចិន គ្មានបញ្ហាណាដែលមិនអាចដោះស្រាយគ្នា តាមផ្លូវនយោបាយបាននោះទេ...»

គួរជម្រាបថា បើតាមលោក ឌូតឺតេ ហ្វីលីពីនងាកទៅរកចិន និងរុស្ស៊ី គឺដោយសារតែសហរដ្ឋអាមេរិកបរាជ័យក្នុងការលក់អាវុធ ដែលទីក្រុងម៉ានីលបានបញ្ជាទិញ។ តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញខ្លះយល់ថា ហ្វីលីពីននៅតែមើលចិនក្នុងភាពប្រុងប្រយ័ត្នដដែល ពោលគឺចិនជាមិត្តដ៏គ្រោះថ្នាក់ ក្នុងករណីភាគីទាំង ២ មានជម្លោះណាមួយជាថ្មី​នៅតំបន់សមុទ្រចិនខាងត្បូង៕