(ការ៉ាកាស់)៖ សភាធម្មនុញ្ញជាតិវេណេស៊ុយអេឡា (ANC) របស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចជាឯកច្ឆ័នលុបចោលអភ័យឯកសិទ្ធិសភាមេបក្សប្រឆាំង​លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់ ANC ធ្វើឡើងតបតាមសំណើរបស់ប្រធានតុលាការកំពូល​វេណេស៊ុយអេឡា (TSJ) លោក ម៉ៃឃែល ម៉ូរេណូ (Maikel Moreno) បានស្នើឱ្យសភាធម្មនុញ្ញពិចារណា លុបចោលអភ័យឯកសិទ្ធិសភារបស់លោក ហ្គៃដូ ដើម្បីបើកផ្លូវចាប់ខ្លួន និងកាត់ទោសមេបក្សប្រឆាំង ដែលប្រកាសតែងតាំងខ្លួនឯងជា​ប្រធានាធិបតីស្ដីទីរូបនេះ។ ប៉ុន្តែការដកអភ័យឯកសិទ្ធិនេះត្រូវបានគេរំពឹងថា នឹងជម្រុញឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម​ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស់។

គួរបញ្ជាក់ថា តុលាការកំពូលវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទកន្លងទៅ បានចោទប្រកាន់​លោក ហ្គៃដូ បានល្មើសនឹងបទបញ្ជាដែលហាមរូបលោកចាកចេញពីប្រទេស​កាលពីខែមករា ហើយចូលមកវិញដោយមានសហរដ្ឋអាមេរិកជាអ្នកកាងនៅពីក្រោយ តាមរយៈការព្រមានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនឲ្យប៉ះពាល់មេបក្សប្រឆាំងរូបនេះឡើយ នៅពេលឈានជើង ចូលប្រទេសវេណេស៊ុយអេឡាវិញនោះ។

បើសម្តីអ្នកវិភាគនានាកន្លងមក អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ហ្ស៊ាន ហ្គៃដូ គឺជាមេបក្សប្រឆាំងដែលគ្រប់គ្រង​សភាជាតិ បន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើន​ពីការបោះឆ្នោត ខណៈលោក ម៉ាឌូរ៉ូ វិញក៏បានបង្កើតសភាធម្មនុញ្ញជាតិមួយទៀត ដោយសំអាងលើការឈ្នះឆ្នោត​កាលពីឆ្នាំ២០១៨ ដោយគ្មានបក្សប្រឆាំងចូលរួម រួចហើយលោកបានឡើងកាន់តំណែងប្រធានាធិបតី ជាផ្លូវការនាពេលបន្ទាប់។ បើគិត​ពីស្ថានភាព​នេះគឺលោក ម៉ាឌូរ៉ូ មានប្រៀបជាងនៅក្នុងស្រុក​ព្រោះស្ថាប័នរដ្ឋទាំងអស់ ជាពិសេស​គឺ​ក្រសួងការពារជាតិ និងមហាផ្ទៃជាដើម នៅស្ថិតក្រោមការគ្រប់គ្រងរបស់លោកទាំងស្រុង៕