(ញូដេលី)៖ ប្រព័ន្ធទំនាក់ទំនងសង្គម WhatsApp នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមដំណើរការ សេវាកម្មមួយសម្រាប់ជនជាតិឥណ្ឌា ដើម្បីត្រួតពិនិត្យនូវព័ត៌មានត្រឹមត្រូវតាមការពិត នៅក្នុងទម្រង់ចុងក្រោយបំផុតនៃកម្មវិធីផ្ញើសារនេះ ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសឥណ្ឌា មុនពេលការបោះឆ្នោតថ្នាក់ជាតិ ចាប់ផ្តើមឡើងនៅខែមេសានេះ។ នេះបើយោងតាម សារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។ 

WhatsApp បានប្រាប់ឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាននឹងកំពុងធ្វើការ ជាមួយនឹងក្រុមហ៊ុន Proto ដើម្បីចាត់ជាក្រុម ឬថ្នាក់នូវសារដែលបានផ្ញើ ទៅកាន់សេវាកម្មរបស់ខ្លួន ឲ្យក្រុមអ្នកប្រើប្រាស់ដឹងថា ជាព័ត៌មានពិត, មិនពិត, បំពាន ឬបង្កជម្លោះ។ ពួកគេក៏នឹងបង្កើត Database នៃមាតិកាបែបនេះ ដើម្បីឲ្យស្គាល់កាន់តែច្បាស់អំពីព័ត៌មានមិនពិតនេះ។

សេវាកម្មថ្មីនេះត្រូវបានធ្វើឡើង ស្របពេលដែលកម្មវិធី WhatsApp ដែលមានអ្នកប្រើប្រាស់ជាង ២០០លាននាក់ នៅក្នុងប្រទេសឥណ្ឌានេះ កំពុងប្រយុទ្ធប្រឆាំងនឹងការរិះគន់ទៅលើកម្មវិធីរបស់ខ្លួន ដែលត្រូវបានគេប្រើប្រាស់ ដើម្បីចែកចាយនូវព័ត៌មានមិនពិត ខណៈបណ្តាញផ្សព្វផ្សាយសង្គមជាច្រើន កំពុងធ្វើការទប់ស្កាត់រឿងនេះ ជាពិសេសនៅអំឡុងព្រឹត្តិការណ៍សំខាន់ៗ ដូចជាការបោះឆ្នោតសកលជាដើម។

ក្រុមហ៊ុន Facebook Inc ដែលជាម្ចាស់កម្មវិធី WhatsApp បានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនបានលុបចោលគណនីចំនួន ៧១២ និងទំព័រចំនួន ៣៩០ នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដោយសារមានអាកប្បកិរិយាមិនពិត ដោយខ្លួនបានបញ្ជាក់ឲ្យដឹងថា ភាគច្រើននៃពួកគេមានជាប់ពាក់ព័ន្ធនឹង សភាបក្សប្រឆាំងរបស់ឥណ្ឌា និងអ្នកផ្សេងទៀត មានការពាក់ព័ន្ធនឹងយោធាប៉ាគីស្ថាន។

ជំហានដំបូងនៃការបោះឆ្នោតរបស់ឥណ្ឌា គ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ខែមេសានេះ ជាមួយនឹងលទ្ធផលចុងក្រោយត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា។ គណបក្សនយោបាយសំខាន់ៗរបស់ឥណ្ឌា បានចោទប្រកាន់គ្នាទៅវិញទៅមក នូវការចែកចាយព័ត៌មានមិនពិតនៅលើកម្មវិធី WhatsApp ហើយបានបដិសេធ ក្នុងការធ្វើរឿងនេះឡើង។

គួររំឮកថា កម្មវិធី WhatsApp បានដាក់ចេញនូវសេវាកម្មមួយស្រដៀងគ្នានេះដែរ នៅអំឡុងពេលបោះឆ្នោតនាប្រទេសប្រេស៊ីលកាលពីឆ្នាំមុន នៅពេលដែលក្រុមអ្នកនយោបាយ បានប្រឈមមុខនឹងការជំទាស់ នៃការធ្វើឲ្យរីករាលដាល នូវព័ត៌មានមិនពិតនៅលើកម្មវិធី WhatsApp៕